U-19 កម្ពុជា បន្តការប្រកួតទី២ ប៉ះ កោះម៉ារីណាខាងជើង ល្ងាចនេះនៃវគ្គជម្រុះ AFC U19 Championship

មាស សុផាណារ៉ុង November 4, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្តយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) វគ្គជម្រុះ ប្រចាំពូល G នៅល្ងាចម៉ោង ៦:៣០ ថ្ងៃច័ន្ទទី០៤ វិច្ឆិកា នេះ ដោយត្រូវជួបក្រុម U-19 កោះម៉ារីណាខខាងជើង នៅកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

នេះជាការប្រកួតដ៏សំខាន់ ដ្បិតទាំងពីរក្រុមសុទ្ធតែត្រូវការឈ្នះដូចៗគ្នា ដើម្បីប្រមូលពិន្ទុរៀងៗខ្លួន បន្ទាប់ពីប្រកួតបើកឆាក បានរងបរាជ័យដូចគ្នា ពោលគឺ U-19 កម្ពុជា បានចាញ់ U-19 ម៉ាឡេស៊ី ៤ទល់៥ ខណៈ U-19 កោះម៉ារីណាខាងជើង បានចាញ់ U-19 ព្រុយណេ ៤ទល់៣។

ជាបណ្ដោះអាសន្ន កម្ពុជា ហាក់មានប្រៀបជាងបន្តិចបើយោងលើតារាងចំណាត់ថ្នាក់ក្នុងពូល G នេះ ដោយ កម្ពុជា ឈរនៅលេខ៤ មាន ០ពិន្ទុ ស្របពេលដែល កោះម៉ារីណាខាងជើង ឈរនៅលេខ៥ មាន ០ពិន្ទុដូចគ្នា ប៉ុន្តែខុសគ្នាត្រង់កម្ពុជា អាចទាត់ចូលទីគូប្រកួតបានច្រើនជាង ( កម្ពុជា ទាត់ចូល ៤គ្រាប់, កោះម៉ារីណាខាងជើង ទាត់ចូល ៣គ្រាប់ ) ។

ថ្ងៃជាមួយគ្នាននេះផងដែរ ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ អាយុ​ក្រោម ១៩​ឆ្នាំ នឹងត្រូវ​ជាមួយ ជម្រើស​ជាតិថៃ អាយុ​ក្រោម​១៩​ឆ្នាំ នៅវេលា​ម៉ោង ៣​:៣០ ​នាទី​រសៀល ខណៈ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី អាយុ​ក្រោម ១៩​ឆ្នាំ សម្រាក​ប្រកួត​នេះ​។

សូមបញ្ជាក់ថា កម្ពុជា ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U19 Championship 2020 Qualifiers ) ដែលនឹងធ្វើឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើទឹកដីរបស់ប្រទេសកម្ពុជា ដោយបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះពូល G ជាមួយ ថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់