គ្រូ U-19 ម៉ាឡេស៊ី និងគ្រូ U-19 កម្ពុជា ថ្លែងសរសើគ្នាទៅវិញទៅមកក្នុងជំនួបដ៏តាន់តឹង ១១នាក់ ទល់នឹង ៩នាក់

មាស សុផាណារ៉ុង November 3, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ១៩ឆ្នាំ បានប្រកួតឈ្នះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នៅវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U19 Championship 2020 Qualifiers ) ដោយតាន់តឹង ៤ទល់៥ ខណៈអ្វីដែលគួរឲ្យចាប់អារម្មណ៍ ម៉ាឡេស៊ី បានបាត់បង់សមាជិក ២នាក់ តាំងពីដើមវគ្គទី២។

យ៉ាងណាមិញ ទាំងគ្រូ U-19 ម៉ាឡេស៊ី និងគ្រូ U-19 កម្ពុជា សុទ្ធតែបានថ្លែងសរសើគ្នាទៅវិញទៅមកក្នុងជំនួបដ៏តាន់តឹង ១១នាក់ ទល់នឹង ៩នាក់ ប្រចាំពូល G មួយនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតគ្រូបង្វឹកម៉ាឡេស៊ី លោក Bradley John Maloney បានលើកឡើងថា៖ «ពិតណាស់ និយាយដោយស្មោះត្រង់យើងពិតជាមានគុណភាព និងពិតជាល្អសម្រាប់យើងនៅចុងបញ្ចប់ គួរឲ្យសរសើរកម្ពុជា ពួកគេមិនបោះបង់ ពួកគេស្ទើរតែយ៉ាងហោចរកបាន ១ពិន្ទុ ឬក៏អាចលើសនេះនៅចុងបញ្ចប់ ប៉ុន្តែយើងពិតជាបានធ្វើវាឲ្យពិបាក។»

និយាយជុំវិញការបាត់បង់កីឡាករដល់ទៅ ២នាក់ លោកបានបន្ថែមថា៖ «វាដូចជាត្រូវកណ្ដាប់ដៃ នៅពេលដែលទទួលបានកាតក្រហមមួយ ហើយបន្ទាប់មកកាតក្រហមទី២ ហើយបន្ទាប់គឺទាត់ចូលយើង យើងបាត់បង់កីឡាករ ២នាក់ និងរបូតគ្រាប់បាល់ ១គ្រាប់ ដូច្នេះវាពិតជាពិបាកសម្រាប់យើងដើម្បីរៀបចំ ក៏ដូចជាយ៉ាងហោចណាស់ព្យាយាមរក្សាវា។»

ដោយឡែកគ្រូកម្ពុជា លោក Gyotoku Koji បានលើកសរសើរដល់ក្រុម៉ាឡេស៊ី ស្រដៀងគ្នាផងដែរថា៖ «ការប្រកួតថ្ងៃនេះ គឺពិតជាការប្រកួតដ៏តាន់តឹង ហើយយើងស្ទើរតែមានឱកាសរកពិន្ទុបានខ្លះ ប៉ុន្តែយើងមិនអាចធ្វើបាន។ ពិតណាស់ ម៉ាឡេស៊ី គឺពិតជាក្រុមដ៏ល្អ ទាំងបច្ចេកទេសកីឡាករម្នាក់ៗពិតជាខ្លាំង រួមទាំងកលល្បិចប្រកួតផងដែរ វាពិតជាពិបាកដោះស្រាយនៅក្នុងបញ្ហានេះ ប៉ុន្តែកីឡាកររបស់យើងក៏លេងបានល្អដូចគ្នា ហើយយើងនៅសល់ការប្រកួតដទៃទៀត ហើយនឹងព្យាយាមយកឈ្នះឲ្យបាន។»

សូមបញ្ជាក់ថា ​ក្នុង​ការ​ប្រកួត​នេះ​ ​​​ម៉ាឡេស៊ី ​បាន​នាំមុខ​លើ​ក្រុម​កម្ពុជា ៣ទល់០ ​នៅ​វគ្គទី​១ ប៉ុន្តែចូល​ដល់​វគ្គ​ទី​២ អ្វីៗចាប់ផ្ដើមប្រែប្រួល ​បន្ទាប់ពីខាង​ក្រុម​ម៉ាឡេស៊ី ​បាន​បាត់​កីឡាករ​ដល់​ទៅ​ ២​នាក់​នៅនាទី​៦០ ដោយសារ​តែ​ទទួល​បាន​កាត​ក្រហម ភ្លាមៗកម្ពុជា អាចរកគ្រាប់បាល់បាន ២គ្រាប់មកវិញត្រឹមតែ ៥នាទី ​ប៉ុន្តែ​​នៅ​សល់គ្នា​ត្រឹម​៩​នាក់​ ​ម៉ាឡេស៊ី ​នៅ​តែ​អាច​ទម្លាយ​សំណាញ់​ទី​កម្ពុជា​បាន​ ២​គ្រាប់​ទៀត ​ខណៈក្រៅពីនេះ​ការ​ព្យាយាម​របស់​កម្ពុជា ​បានរហូតដល់អាចរកគ្រាប់បាល់ ២គ្រាប់មកវិញបន្ថែមទៀតតាមពីក្រោយ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ ធ្វើឲ្យ​ចប់​ការ​ប្រកួត ​កម្ពុជា​ ចាញ់​ ម៉ាឡេស៊ី ​៤ទល់៥៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់