សម្ដីគ្រូបង្វឹកទាំង៥ ប្រចាំពូល G លើកឡើងស្រដៀងគ្នាក្នុងវគ្គជម្រុះពាន AFC U-19 Championship

មាស សុផាណារ៉ុង November 1, 2019


 

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ប្រចាំពូល G ដែលនឹងប្រកួតនៅដើមខែវិច្ឆិកា ខាងមុខនេះ នៅទឹកដីកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី០២ វិច្ឆិកា ស្អែកនេះ។

ពូល G មានម្ចាស់ផ្ទះកម្ពុជា បូករួមជាមួយថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង ខណៈគ្រូបង្វឹកទាំង៥ រូបបានលើកឡើងចំនុចស្រដៀងគ្នាជាច្រើនគឺពាក់ព័ន្ធជាមួយនឹងការប្រកួតនេះ នៅក្នុងសន្និសិទសារព័ត៌មាន រៀងៗខ្លួន កាលពីព្រឹកមិញ ថ្ងៃទី០១ ខែវិច្ឆិកា។។

សម្ដីគ្រូបង្វឹកកម្ពុជា លោក Gyotoku Koji៖ លោកបានទន្ទឹងរង់ចាំការប្រកួតនេះ ហើយនឹងព្យាយាមនាំក្រុមធ្វើឲ្យអស់ពីលទ្ធភាព។ លោកបន្តថា ប្រកួតទី១ ពិតជាសំខាន់ ការរៀបចំក្រុមមិនល្អឥតខ្ចោះប៉ុន្មានឡើយ តែលោកគិតថាអាចនឹងគ្រប់គ្រាន់ ហើយនឹងព្យាយាមឲ្យកាន់តែខ្លាំងពីព្រោះនេះគឺជាឱកាសដ៏ល្អមួយ។

សម្ដីគ្រូបង្វឹកថៃ លោក Issara Sritaro៖ ក្រុមរបស់លោករួចរាលស់ម្រាប់ការប្រកួត ដូចដែរធ្លាប់បានធ្វើការបោះជំរំហ្វឹកហាត់ ៨ខែមកហើយមុនការប្រកួតមកដល់ លើសពីនេះលោកក៏បានបញ្ជាក់ថាមានការផ្លាស់ប្ដូរសមាសភាពកីឡាករខ្លះពីការប្រកួតព្រឹត្តិការណ៍ចុងក្រោយ AFF U-18 Championship ផងដែរ។

សម្ដីគ្រូបង្វឹកម៉ាឡេស៊ី លោក Bradley John Maloney៖ សម្ដែងការអរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានទទួលធ្វើម្ចាស់ផ្ទះការប្រកួតនេះ ហើយក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ដូចគ្នា និងសង្ឃឹមថាក្រុមរបស់លោកជួបរឿងល្អនៅអំឡុងការប្រកួត។

សម្ដីគ្រូបង្វឹកព្រុយណេ លោក Ikhmarol Izzat Omar៖ បាននិយាយដោយខ្លីថា ក្រុមព្រុយណេ បានរួចរាល់ដើម្បីប្រកួតប្រជែង និងទន្ទឹងរង់ចាំការប្រកួតក្នុងព្រឹត្តិការណ៍នេះ។

សម្ដីគ្រូបង្វឹកកោះម៉ារីណាខាងជើង លោក Mechiteru Mita៖ ចាប់ផ្ដើមជាមួយនឹងការអរគុណដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ ហើយបន្ថែមថាលោករួចរាល់ដើម្បីប្រជែងជាមួយក្រុមខ្លាំងៗ។ លើសពីនេះលោកគិតថាប្រហែលជាមិនសូវមានអ្នកណាចាប់អារម្មណ៍ដឹងថាក្រុមរបស់លោកមកពីណានោះទេ ប៉ុន្តែកូនក្រុមរបស់លោកក៏ត្រៀមខ្លួនបានល្អសម្រាប់ការប្រកួត និងចង់បង្កើតឲ្យមានភាពរីករាយជាមួយនឹងការបង្ហាញទម្រង់លេង។

សូមបញ្ជាក់ថា ពូល G នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U-19 Championship ) នឹងចាប់ផ្ដើមនៅថ្ងៃទី០២ ខែវិច្ឆិកា ដោយប្រកួតដំបូង U-19 កម្ពុជា ត្រូវប៉ះ ម៉ាឡេស៊ី នៅម៉ោង ៦:៣០ នាទីល្ងាច និងមួយគូទៀត កោះម៉ារីណាខាងជើង ត្រូវប៉ះ ព្រុយណេ ម៉ោង ៣:៣០ នាទីរសៀល ខណៈការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានជាតិទាំងអស់៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់