គ្រូព្រះខ័នរាជស្វាយរៀង នឹងដាក់កីឡាករពេញជើងប្រកួតថ្ងៃចុងក្រោយនៃលីគជាមួយ ណាហ្គា

មាស សុផាណារ៉ុង November 1, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហើបថានឹងប្រើប្រើកីឡាករពេញលេញដើម្បីប្រកួតតតាំងជាមួយ ណាហ្គាវើលដ៍ ក្នុងជំនួបបិទរដូវកាលនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ និងជាជំនួបជក់ចិត្ត ដ្បិត ព្រះខ័នរាជស្វាយរៀង ចង់បង្កើតកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់នៅរដូវកាលនេះ។

និយាយពីការប្រកួត លោក Conor បានបង្ហើបថា ក្រុមបានរួចរាល់សម្រាប់ការប្រកួត ក្នុងការតតាំងជាមួយក្រុមដែលស្រលាញ់ការប្រកួតធំ ( ណាហ្គាវើលដ៍ ) យ៉ាងណាក៏ដោយក្រុមរបស់លោកក៏មានកីឡាករដែរអវត្តមានផងដែរ ដូចជា រស់ គង់សំរេច, សុក សំណាង និងគន្ធា រ៉ាវាន់ ដែលមានបញ្ហារបួស ប៉ុន្តែក្រៅពីនេះកីឡាករផ្សេងទៀតអាចចូលរួមបាន។

នៅពេលដែលចោទសួរថា តើនឹងមានការសម្រាកកីឡាករដើម្បីប្រកួតវគ្គផ្ដាច់ព្រ័តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទល់នឹងបឹងកេត? គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានឆ្លើយតបថា៖ «ខ្ញុំនឹងដាក់ក្រុមដែលខ្លាំង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន គឺនៅថ្ងៃទី០៦ ពួកយើងជាក្រុមអាជីព វាមិនគួរណាឲ្យយើងចំណាយពេលដល់ទៅ ៥ថ្ងៃដើម្បីប្រមូលកម្លាំងមកវិញឡើយ។»

«យើងមិនមានអារម្មណ៍ថា មានសម្ពាធនោះទេ យើងដឹងថាអ្នកគាំទ្ររបស់យើង នឹងតាមយើងទោះបីជាឈ្នះ ចាញ់ ឬក៏ស្មើ អ្វីដែលជាអារម្មណ៍របស់យើងគឺការទទួលខុសត្រូវ ការទទួលខុសត្រូវក្នុងផ្ដល់គ្រប់យ៉ាងឲ្យគ្នាទៅវិញទៅមក ជាមួយម្ចាស់ក្លឹប ថ្នាក់ដឹកនាំ និងអ្នកគាំទ្ររបស់យើង យើងស្រលាញ់ភាពទទួលខុសត្រូវនេះ ពីព្រោះវាគឺជាមោកភាពមួយដែលមានវា។» លោក Conor Netor បន្ថែមជុំវិញសម្ពាធពីការប្រកួតនេះ។

គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ រួចរាល់ហើយ ខណៈការប្រកួតជាមួយណាហ្គាវើលដ៏ នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី០១ ខែវិច្ឆិកានេះ នៅកីឡដ្ឋានស្ដាតចាស់ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាមិញលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានចាត់ទុកការប្រកួតបញ្ចប់រដូវកាលឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា ជាមួយក្រុមជើងឯកព្រះខ័នរាជស្វាយរៀង គឺជាការប្រកួតដ៏សំខាន់ ដោយលោកចង់ឈ្នះ ដើម្បីបញ្ចប់កំណត់ត្រាលើកពាន ដោយមិនស្គាល់ពាក្យចាញ់របស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់