គ្រូណាហ្គា ចង់ឈ្នះព្រះខ័នរាជស្វាយរៀង ដើម្បីបញ្ចប់កំណត់ត្រាលើកពាន មិនស្គាល់ចាញ់!

មាស សុផាណារ៉ុង November 1, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានចាត់ទុកការប្រកួតបញ្ចប់រដូវកាលឆ្នាំ២០១៩ នៃលីគកំពូលកម្ពុជា ជាមួយក្រុមជើងឯកព្រះខ័នរាជស្វាយរៀង គឺជាការប្រកួតដ៏សំខាន់ ដោយលោកចង់ឈ្នះ ដើម្បីបញ្ចប់កំណត់ត្រាលើកពាន ដោយមិនស្គាល់ពាក្យចាញ់របស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ។

លោកនិយាយថា៖ «ខ្ញុំជឿថា ការប្រកួតស្អែកនេះ ដាច់ខាតខ្ញុំអត់ចាញ់ទេ យ៉ាងហោចណាស់ក៏ស្មើដែរ។ ប៉ុន្ដែខ្ញុំព្យាយាមចង់ឈ្នះមែនទែន ដោយសារទី១ ខ្ញុំអត់ចង់ឲ្យស្វាយរៀងបន្ដអត់ចាញ់ពេញមួយរដូវកាលទេ, ទី២-ក៏ជាលទ្ធផលល្អសម្រាប់ខ្ញុំដែរ មុនចប់រដូវកាល ខ្ញុំឈ្នះក្រុមជើងឯក, ទី៣-ខ្ញុំមិនជឿថា ស្វាយរៀង ប្រើកីឡាករអស់ទេ ដោយសារថ្ងៃទី០៦ គឺជាថ្ងៃសំខាន់បំផុតសម្រាប់ស្វាយរៀង បើស្វាយរៀងគាត់គិតថា ចាំថ្ងៃទី០៦ ចាំគិតទៀត សំខាន់គាត់ថ្ងៃស្អែក អានេះជារឿងរបស់គាត់។»

ជាមួយការអះអាងរបស់គ្រូបង្វឹកក្រុមជើងឯកឆ្នាំចាស់បែបនេះ ក៏ព្រោះលោករំពឹងក្រុមលោក Conor Nestor អាចនឹងទុកកីឡាករល្អៗច្រើន សម្រាប់ត្រៀមការប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាមួយក្រុមបឹងកេត នាថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ។ លោកថា៖ «បាល់ទាត់ អាចបង្ករបួស ឬអី យើងអត់អាចព្យាករណ៍ទុកមុនបានទេ ដោយសារកីឡាករម្នាក់ៗ តែងលេង ១០០% ឧទាហរណ៍ចៃដន្យអី យើងមើលមិនឃើញទេ…» ។

ជារួមលោក មាស ចាន់ណា ហាក់ផ្ដោតខ្លាំងលើការចង់ឈ្នះព្រះខ័នរាជស្វាយរៀង ជាងការគិតដល់ឱកាសប្រជែងចំណាត់ថ្នាក់លេខ២ ជាមួយក្រុមវិសាខា។ លោកសង្កត់ធ្ងន់ថា «និយាយទៅ ខ្ញុំគិតថា នៅសល់ឱកាសតែ ១០% ទេ សម្រាប់ការប្រជែងយកលេខ ២ ព្រោះទី១ ទាល់តែខ្ញុំឈ្នះ ហើយទី២ ទាល់តែវិសាខាចាញ់ អញ្ចឹងឱកាសប្រជែងលេខ ២ សល់តែ ១០ % ទេ។ អញ្ចឹងអ្វីដែលយើងផ្ដោតសំខាន់ គឺប្រកួតចុងក្រោយ យើងត្រូវការលទ្ធផលល្អ មិនចង់ឲ្យស្វាយរៀង អត់ចាញ់សោះទេ។»

គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានលើកពានលីគកំពូលកម្ពុជា ឆ្នាំ២០១៩ រួចរាល់ហើយ ខណៈការប្រកួតជាមួយណាហ្គាវើលដ៏ នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី០១ ខែវិច្ឆិកានេះ នៅកីឡដ្ឋានស្ដាតចាស់ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។

បើក្រឡេកមើលប្រវត្តិជួបគ្នា ៥លើកចុងក្រោយ ព្រះខ័នរាជស្វាយរៀង ពុំធ្លាប់ឈ្នះណាហ្គាវើលដ៏ទេ គឺស្មើ២ និងចាញ់៣ ហើយកាលពីជួបគ្នាជើងទី១ គឺស្មើគ្នា ០-០។ ដូច្នេះចាំមើលប្រកួតបិទរដូវកាលស្អែកនេះ ណាហ្គាវើលដ៏ អាចបង្អាក់ដំណើរលើកពាន មិនស្គាល់ចាញ់របស់ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលឆ្នាំ២០១៩ បានឬទេ?

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ បុត្រា

មតិយោបល់