ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី ទទូចកីឡាករ U-19 ខ្លួនមុនឡើងមកកម្ពុជា ឲ្យលេងដើម្បីជាតិ និងឪពុកម្ដាយ

មាស សុផាណារ៉ុង October 31, 2019


 

ម៉ាឡេស៊ី៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី លោក Datuk Haji Hamidin Haji Mohd Amin នៅមុនក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំរបស់ខ្លួន ឡើងមកប្រកួតនៅកម្ពុជា បានផ្ដែផ្ដាំកីឡាករ ឲ្យលេងដើម្បីជាតិ និងឪពុកម្ដាយ។

ថ្លែងបែបនេះគឺនៅក្នុងពិធីជួបជុំមុនក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ១៩ឆ្នាំ ចាកចេញមកកម្ពុជា ដើម្បីប្រកួតជម្រុះពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ប្រចាំពូល G ដែលនឹងប្រកួតនៅដើមខែវិច្ឆិកា ខាងមុខនេះ។

លោក Datuk Haji Hamidin Haji Mohd Amin បានសម្ដែងការទទូចឲ្យកីឡាករជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ១៨ឆ្នាំ ត្រូវមានស្មារតីឈ្នះសម្រាប់ប្រទេស និងឪពុកម្តាយ។ «អ្វីដែលសំខាន់គឺកីឡាករ និងមន្ត្រីដឹកនាំក្រុម ត្រូវតែរួបរួមគ្នាជាធ្លុងមួយ ដើម្បីបញ្ជាក់ថាការងារជាក្រុម និងគោលបំណងនៃការទៅទីនោះ និងត្រឡប់មកវិញដោយមានផ្នត់គំនិតឈ្នះៗ។ កីឡាករគ្រប់រូបត្រូវបណ្ដុះការប្តេជ្ញាចិត្ត ដើម្បីទទួលជោគជ័យ ដើម្បីមានសមត្ថភាពឡើងទៅវគ្គផ្តាច់ព្រ័ត្រ។» សម្ដីរបស់ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី និយាយទៅកាន់កីឡាករ។

លោកបានបន្តទៀតថា៖ «ខ្ញុំក៏ត្រូវតែក្រើនរំលឹកដល់កីឡាករ កុំឲ្យគិតថាវាជារឿងងាយស្រួល ហើយនៅតែផ្តោតអារម្មណ៍ជានិច្ច។»

គួរដឹងដែរថា កីឡាករទាំង ២៣រូបរបស់ម៉ាឡេស៊ី ត្រូវបានប្រកាសជាផ្លូវការដោយត្រូវបានដឹងថាមានការផ្លាស់ប្ដូរខ្លះ ពីសមាសភាពកីឡាករដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship ) កាលពីខែសីហា កន្លងទៅនៅប្រទេសវៀតណាម ពោលគឺមានការផ្លាស់ប្ដូរសមាសភាពកីឡាករចំនួន ៩រូប។ ជាមួយគ្នាផងដែរក្រុមនេះ ក៏គ្រោងនឹងមកទឹកដីកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះផងដែរ។

បញ្ជាក់ថា ប្រកួតពានរង្វាន់ដដែលនេះ ក្នុងឆ្នាំ​២០១៩ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង ហើយធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិ ទាំងអស់។ សម្រាប់ព្រឹត្តិការណ៍ដដែលនេះ រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-19 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី | FAM

អត្ថបទ៖ ណារ៉ុង

មតិយោបល់