ព្រះខ័នរាជស្វាយរៀង បន្តកុងត្រាឲ្យកីឡាករជាបន្តបន្ទាប់ ក្នុងរដូវកាលដ៏ជោគជ័យជាមួយលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង October 31, 2019


 

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា នេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកុងត្រាជាមួយកីឡាករតួសំខាន់ក្នុងការរកគ្រាប់បាល់ Befolo Mbarga Privat ពោលគឺបន្ទាប់ពីកីឡាករជប៉ុនម្នាក់ Daisuke Kobayashi ក្រោយរួមចំណែកលើកពានជាមួយក្លឹបនៅរដូវកាលនេះ។

កិច្ចសន្យារបស់កីឡាករទាំងពីររូបនេះ គឺសុទ្ធតែធ្វើឡើងក្នុងរយៈពេលវែង ខណៈសម្រាប់ Privat គឺនឹងក្លាយជារដូវកាលទី២ ដែលបន្តជាមួយក្លឹបបន្ទាប់ពីចូលរួមនៅដើមឆ្នាំ២០១៨ ខណៈ Daisuke Kobayashi នឹងក្លាយជារដូវកាលទី៣ ជាមួយក្លឹបបន្ទាប់ពីចូលរួមជាមួយក្លឹបតាំងពីរដូវកាល២០១៨។

គួររំលឹកផងដែរថា ព្រះខ័ន​រាជ​ស្វាយរៀង នៅរដូវកាលនេះបាន​បន្ត​កុងត្រា​ជាមួយ​កីឡាករ​របស់ខ្លួន​ជាច្រើនទាំង ឈុត​ធំ និង​ថ្នាល​យុវជន​រួ​មាន ប្រធាន​ក្រុម សឿ​យ វិសាល​, សារ៉េត គ្រី​យ៉ា​, រស់ គង់​សំរេច​, សុខ សំណាង​, ឃៀង ម៉េង​ហួរ​, គឹម សុខ​យុទ្ធ​, ត្រាយ វិចិត្រ​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ណុប តុលា, ហួយ ផល្លី​ន និង​កីឡាករយុវជនដូចជា មិន រតនៈ និង អ៊ឹម សុ​ផា​និត្យ ក៏​បន្ត​កុងត្រា​មាន​រយៈពេល​វែង​ដូចគ្នា។

សូមបញ្ជាក់ផងដែរថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកពានក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផ្លូវការហើយ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយទទួលបានប្រាក់រង្វាន់អមចំនួន ៦០លានរៀល។

ចំពោះការប្រកួតមិនទាន់ចប់នោះទេ ពោលគឺក្រុមនីមួយៗ សល់ ១ប្រកួតក្នុងដៃទៀត ហើយព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ ក្នុងសប្ដាហ៍ចុងក្រោយ នាថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ នៅកីឡដ្ឋានស្ដាតចាស់ ជាមួយគ្នាផងដែរក្រុដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក៏ចិញ្ចឹមចិត្តបន្តកំណត់ត្រាមិនដែលចាញ់ទាល់តែសោះក្នុងលីគ នារដូវកាល ២០១៩នេះផងដែរ ដ្បិត ២៥ប្រកួតកន្លងមក ឈ្នះ២០ និងស្មើ៥៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់