U-19 ម៉ាឡេស៊ី បង្ហាញឈ្មោះកីឡាករ ២៣នាក់ជាផ្លូវការ នឹងត្រៀមឡើងមកកម្ពុជា ថ្ងៃស្អែក

មាស សុផាណារ៉ុង October 30, 2019


 

ម៉ាឡេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម១៩ឆ្នាំ បានបង្ហាញឈ្មោះកីឡាកររបស់ខ្លួនចំនួន ២៣នាក់ជាផ្លូវការនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីត្រៀមឡើងមកប្រកួតជម្រុះពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាករទាំង ២៣រូបនេះ ត្រូវបានដឹងថាមានការផ្លាស់ប្ដូរខ្លះ ពីសមាសភាពកីឡាករដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship ) កាលពីខែសីហា កន្លងទៅនៅប្រទេសវៀតណាម ពោលគឺមានការផ្លាស់ប្ដូរសមាសភាពកីឡាករចំនួន ៩រូប។

ជាមួយគ្នាផងដែរក្រុមនេះ គ៏គ្រោងនឹងមកទឹកដីកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះផងដែរ។

ប្រកួតពានរង្វាន់ដដែលនេះ ក្នុងឆ្នាំ​២០១៩ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង ហើយធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិ ទាំងអស់។

សម្រាប់ព្រឹត្តិការណ៍ដដែលនេះ រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-19 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី | FAM

អត្ថបទ៖ ណារ៉ុង

មតិយោបល់