២ឆ្នាំ មុន U-19 កម្ពុជា ស្ទើរទទួលបានឱកាសឡើងជុំផ្ដាច់ព្រ័ត្រពាន ​AFC U-19 ខណៈឆ្នាំនេះចិញ្ចឹមចិត្តជាថ្មី

មាស សុផាណារ៉ុង October 30, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ នៅដើមខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ​នឹងបន្តយុទ្ធនាការប្រកួតជាប្រចាំ ( ២ឆ្នាំម្ដង ) ពានជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U-19 Championship ) នៅវគ្គជម្រុះ ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G។

នេះជាឆ្នាំទី២ ដែលកម្ពុជា ចូលរួមប្រកួតពានរង្វាន់ដដែលនេះ ចាប់តាំងពីពាននេះបង្កើតឡើងនៅឆ្នាំ២០១២ មក និងទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះទាំង ២លើក។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ចង់ចាំមិនភ្លេច ក្នុងពានរង្វាន់ដដែលនេះកាលពី ២ឆ្នាំមុន ( ឆ្នាំ២០១៧ ) U-19 កម្ពុជា ស្ទើរតែទទួលបានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូងទៅហើយ បន្ទាប់ពីបានឈរក្នុងនាមជាក្រុមលេខ២ ល្អដែលត្រូវយកទៅប្រៀបធៀប។

ព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០១៧ គឺជាការប្រកួតជម្រុះ ដើម្បីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ដោយកម្ពុជា ធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល G ជាមួយ ចិន, មីយ៉ាន់ម៉ា និងហ្វីលីពីន ប្រកួតចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

ជាលទ្ធផលនៅក្នុងការប្រកួតទាំង ៣ប្រកួត កម្ពុជា អាចរកបាន ៤ពិន្ទុ ពីការប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ ( ចាញ់ចិន ១ទល់០, ឈ្នះ មីយ៉ាន់ម៉ា ៣ទល់២, ស្មើហ្វីលីពីន ០ទល់០ ) និងនាំឲ្យទទួលបានចំណាត់ថ្នាក់លេខ២ ប្រចាំពូល ដែលជាចំណាត់ថ្នាក់មួយត្រូវយកទៅប្រៀបធៀប ជាមួយក្រុមលេខ២ ពីពូលចំនួន ៩ផ្សេងទៀត ហើយរើសយកតែ ៥ក្រុមប៉ុណ្ណោះ ប៉ុន្តែចាញ់ត្រង់គ្រាប់បាល់ទាត់ចូលទីគូប្រកួត ជាមួយក្រុមដែលប្រៀបធៀបចុងក្រោយគឺ U-19 ម៉ាឡេស៊ី ដែលមានពិន្ទុដូចគ្នា តែអាចទាត់ចូលទីគូប្រកួតបានដល់ទៅ ៤គ្រាប់។

** សូមបញ្ជាក់ថា នៅគ្រានោះដោយសារមានក្រុមខ្លះដកខ្លួនពីកម្មវិធី ដូច្នេះពិន្ទុដែលបានមកពីការប្រកួតជាមួយក្រុមបាតតារាង មិនត្រូវបានយកមករាប់បញ្ជូលឡើយ ជាក់ស្ដែង កម្ពុជា ដែលរកបាន ១ពិន្ទុជាមួយក្រុមបាតារាង ហ្វីលីពីន មិនត្រូវបានរាប់បញ្ជូលឡើយ។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ដដែលនេះ ក្នុងឆ្នាំ​២០១៩ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង ហើយធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិ ទាំងអស់។

សម្រាប់ព្រឹត្តិការណ៍ដដែលនេះ រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-19 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់