ម៉ាត់ ណូរុន នឹងប្រឹងប្រែងដណ្តើមកៅអី ១១នាក់ដំបូងនៅបឹងកេត បន្ទាប់ពីជាពីបញ្ហារបួសរយៈពេលវែង

មាស សុផាណារ៉ុង October 29, 2019


 

ភ្នំពេញ៖ ម៉ាត់ ណូរុន បានសម្ដែងការប្តេជ្ញាប្រឹងប្រែង ដើម្បីស្វែងរកកៅអីជម្រើស ១១នាក់ដំបូង នៅបឹងកេត ខណៈដែលរូបគេបានវិលត្រឡប់មកកាន់ទីលានវិញបន្ទាប់ពីទទួលរងរបួសរយៈពេលយូរ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ បានចាកចេញពីអគ្គិសនីកម្ពុជា ចូលរួមជាមួយបឹងកេត នៅរដូវកាលនេះ ប៉ុន្តែរូបគេត្រូវបានអវត្តមានស្ទើរតែពេញមួយរដូវកាលដោយសារបញ្ហារបួសរយៈពេលយូរ។ អតីតកីឡាករអគ្គិសនីកម្ពុជា បានបង្ហាញខ្លួនក្នុងលីគចំនួន ២លើកចុងក្រោយសម្រាប់ក្រុម លោក ហៅ សុជាតិ ដែលត្រូវបានប្ដូរចូលជំនួសចុងក្រោយពេលប៉ះជាមួយ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងសូលទីឡូអង្គរ កាលពីសប្តាហ៍មុន។

បឹងកេត បានយកឈ្នះ សូលទីឡូអង្គរ ៣ទល់១ កាលពីសប្តាហ៍មុននៅពេលដែល ម៉ាត់ ណូរុន ប្ដូរចូលជំនួស ម៉ាត់ យ៉ាម៊ីន ខណៈដែលរូបគេរីករាយ ដែលអាចបង្ហាញខ្លួនបានខ្លះៗ មុនការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទល់នឹងក្លឹបព្រះខ័នរាជស្វាយរៀង។

ម៉ាត់ ណូរុន បានប្រាប់ camsports.org ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការលេង ហើយវាពិតជាអស្ចារ្យណាស់ដែលយើងបានឈ្នះការប្រកួតនេះ។ វាពិតជាសំខាន់ណាស់ ក្នុងការទទួលបានឱកាសជាន់ទីលាន។ ការប្រកួតបានជួយខ្ញុំច្រើនណាស់។ ខ្ញុំអាចដឹង និងយល់ពីកលល្បិចក្រុមកាន់តែប្រសើរ។ វាជាការវាយតម្លៃដ៏ល្អសម្រាប់ខ្ញុំក្នុងការរៀបចំការត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន។»

និយាយពីឱកាសបង្ហាញខ្លួនជម្រើស ១១នាក់ដំបូងឆាប់ៗនេះ ម៉ាត់ ណូរុន បានបញ្ជាក់ថា៖ «បឹងកេតមានកីឡាករក្នុងស្រុក និងបរទេស ដែលមានគុណភាពច្រើន ដូច្នេះវាមិនមែនជាការងាយស្រួលទេក្នុងការក្លាយជាជម្រើស ១១នាក់ដំបូងដែលទៀតងទាត់សម្រាប់ក្រុម។ វាជាការប្រកួតប្រជែងគ្នាដ៏ធំមួយសម្រាប់កីឡាករម្នាក់ៗនៅក្នុងក្រុម ប៉ុន្តែខ្ញុំចង់ប្រជែងដណ្តើមទីតាំងរបស់ខ្ញុំនៅរដូវកាលក្រោយ។»

សូមបញ្ជាក់ថា ម៉ាត់ ណូរុន បានទទួលរងរបួសជង្គង់តាំងពីដើមរដូវកាលនៃលីគកំពូលកម្ពុជា បន្ទាប់ពីបានផ្ទេរមកចូលរួមជាមួយបឹងកេត ហើយបានទទួលការវះកាត់នៅប្រទេសវៀតណាម និងសម្រាករយៈពេលជាង ៨ខែ៕

 

រូបភាព៖ បឹងកេត ​| Boeung Ket Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់