ហុងកុង ប្រកាសបញ្ជីឈ្មោះកីឡាករបឋម ដែលត្រូវទទួលកម្ពុជា ជើងទី២ ខែក្រោយ

មាស សុផាណារ៉ុង October 28, 2019


 

ហុងកុង៖ ក្រុមបាល់ទាត់ជម្រើសកោះហុងកុង នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាករបឋមរបស់ខ្លួន ដើម្បីត្រៀមប្រកួតតតាំងជាមួយកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) នៅជើងទី២ ប្រចាំពូល C​។

សមាសភាពកីឡាករចំនួន ៣០នាក់ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិហ្វាំងឡង់ លោក Mixu Paatelainen ភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពនៅលីគកំពូលហុងកុងផ្ទាល់តែម្ដង និងមួយចំនួនតូចប្រកបអាជីពនៅលីគកំពូលចិន និងលីគទី២ ចិនផងដែរ ហើយក្រៅតែពីមានកីឡាករប្រកបអាជីពនៅក្រៅប្រទេស ក្រុមនេះក៏មានកីឡាករកូនកាត់ប្ដូរសញ្ជាតិចំនួន ៨រូបផងដែរ ហើយបញ្ជីឈ្មោះ ២៣នាក់ចុងក្រោយនឹងប្រកាសនៅថ្ងៃទី១០ ខែវិច្ឆិកា។

បន្ទាប់ពីការប្រកួតប្រកាសបញ្ជីឈ្មោះ ក្រុមនេះនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី១១ ខែវិច្ឆិកា តទៅ នៅលើទីលាន Jockey Club HKFA Football Training Centre មុននឹងត្រូវទទួល បារ៉ែន មុននៅថ្ងៃទី១៤ បន្ទាប់មក កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន ត្រឹមជុំទី១ គឺរកបានតែ ១ពិន្ទុប៉ុណ្ណោះ ពោលគឺស្មើជាមួយ ហុងកុង នេះផ្ទាល់តែម្ដងកាលពីពាក់កណ្ដាលខែកញ្ញា កន្លងទៅថ្មីៗនេះ នៅលើទឹកដីកម្ពុជា។

ចំពោះ ជំនួបទី៥ កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង សារជាថ្មីនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Hong Kong Stadium ទីក្រុងហុងកុង វិញម្ដង ប៉ុន្តែមុនប៉ះ ហុងកុង ក្រុមជម្រើសជាតិកម្ពុជា ក៏នឹងប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយប្រកួតផងដែរ ជាមួយជម្រើសជាតិម៉ុងហ្គោលី នៅកីឡដ្ឋានជាតិ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩៕

 

រូបភាព៖ hkfa.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់