សឿយ វិសាល ថាការឈ្នះលីគកំពូលកម្ពុជា គឺលើសពីការរំពឹងទុករបស់ខ្លួន

មាស សុផាណារ៉ុង October 28, 2019


 

ស្វាយរៀង៖ រដូវកាលនេះគួរតែជាឆ្នាំដ៏អស្ចារ្យបំផុតសម្រាប់ព្រះខ័នរាជស្វាយរៀង ខណៈដែលពួកគេត្រៀមនឹងឈ្នះពានដល់ទៅ២ បន្ទាប់ពីបានឈ្នះជើងឯកលីគកំពូលកម្ពុជា និងឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវជួបបឹងកេត នៅដើមខែក្រោយ។ ការណ៍ជាមួយគ្នានេះផងដែរប្រធានក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ សឿយ វិសាល បានបង្ហើបថា ការធ្វើបានបែបនេះគឺលើសពីការរំពឹងទុករបស់ខ្លួន។

ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះ បានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះជាផ្លូវការហើយ បន្ទាប់ពីពួកគេបានលើកពានកាលពីយប់មិញ ក្រោយយកឈ្នះ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ៦ទល់១ ក្នុងការប្រកួតក្នុងដីចុងក្រោយរបស់ពួកគេ។ នេះគឺជាការគ្រង់ជើងឯកលីគ ជាលើកទី២ របស់ពួកគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ហើយនៅសល់តែមួយប្រកួតទៀតដើម្បីធ្វើឲ្យបានកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់ នៅពេលដែលពួកគេជួបក្រុមជើងឯកឆ្នាំចាស់ ណាហ្គាវើល ក្នុងការប្រកួតលីគចុងក្រោយរបស់ពួកគេ។

ជុំវិញការឈ្នះជើងឯកនេះវិញ ប្រធានក្រុមព្រះខ័នរាជស្វាយរៀង សឿយ វិសាល បានប្រាប់គេហទំព័រ camsports.org ថា៖ «ខ្ញុំពិតជារីករាយ និងរំភើប ដែលយើងឈ្នះលីគរដូវកាលនេះ។ យើងពិតជាខិតខំណាស់នៅរដូវកាលនេះ ហើយវាបានតបស្នងជាមួយផ្លែផ្កា។ យើងមានមោទនភាពចំពោះសមិទ្ធិផលរបស់យើង ដោយសារយើងតែងតែខិតខំធ្វើការជាមួយគ្នា។ ថ្នាក់ដឹកនាំ និងកីឡាករបានខិតខំយ៉ាងខ្លាំងសម្រាប់ក្លឹប។ យើងបានខិតខំហ្វឹកហាត់រៀងៗខ្លួន ដើម្បីកែលំអខ្លួនយើង និងក្រុម។ យើងតែងតែធ្វើតាមការគម្រោងរបស់យើង ហើយយើងនឹងព្យាយាមធ្វើឲ្យប្រសើរឡើងពីមួយប្រកួតទៅមួយប្រកួត ហើយសម្រាប់រដូវកាលក្រោយផងដែរ។»

«វាជារដូវកាលមិនគួរឱ្យជឿសម្រាប់យើង ហើយវាលើសពីការរំពឹងទុករបស់យើង។ យើងនៅសល់តែមួយប្រកួតទៀតទេ ដើម្បីក្លាយទៅជាក្រុមដែលមិនអាចបំបាក់បាននៅរដូវកាលនេះ។ វាពិតជាមិនគួរឱ្យជឿ។» ប្រធានក្រុមជម្រើសជាតិកម្ពុជា ផងដែររូបនេះបានបន្ថែម។

និយាយអំពីពានរង្វាន់ សឿយ វិសាល បានសម្ដែងការឧទ្ទិសដល់ឱពុករបស់ខ្លួន និងផ្ញើរជូនដល់គ្រួសារ ជាពិសេសម្តាយ ដែលតែងតែចូលរួមគាំទ្រ ជាមួយនឹងការអរគុណដល់អ្នកគាំទ្រដែលបានចំណាយពេលវេលារបស់ពួកគេដើម្បីគាំទ្រ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់