ប្រាក់រង្វាន់លីគកំពូលកម្ពុជា នៅតែជាប្រធានបទក្ដៅ ក្រោយស្វាយរៀងលើកពានយប់មិញ!

មាស សុផាណារ៉ុង October 28, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកពានក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផ្លូវការហើយ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយទទួលបានប្រាក់រង្វាន់អមចំនួន ៦០លានរៀល។

ពិធីប្រគល់ពាននេះ បានធ្វើឡើងក្រោយចប់ការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបកាលពីយប់មិញ ដោយព្រះខ័នរាជស្វាយរៀង បានលត់ក្រុមភ្ញៀវ ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង ប៉ុន្ដែទន្ទឹមជាមួយការរៀបចំពិធីប្រគល់ពាន ក៏ដូចជាការប្រកាសផ្លូវការនូវប្រាក់រង្វាន់ខាងលើ ដែលពុំមានការប្រែប្រួលពីឆ្នាំមុន បានធ្វើឲ្យអ្នកគាំទ្រច្រើន នាំគ្នាបញ្ចេញមតិស្រដៀងៗគ្នា ដោយរិះគន់ចំពោះប្រាក់រង្វាន់នេះ មិនសាកសម្យជាមួយក្រុមជើងឯក ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្លឹបនីមួយៗឡើយ។ នេះគឺជាប្រធានបទក្ដៅមួយ ដែលតែងតែផ្ទុះឡើងរៀងរាល់ឆ្នាំ ក្រោយពិធីប្រគល់រួច។

គួរដឹងថា ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងលីគកំពូលកម្ពុជា តាំងពីសប្ដាហ៍ទី២៤ ម្លេះ មុនពួកគេរកបាន ៣ពិន្ទុបន្ថែម តាមរយៈការលត់អាស៊ីអឺរ៉ុប ៦-១ ដែលធ្វើឲ្យ ២៥ប្រកួតរបស់ក្រុមលោក Conor Nestor រកបាន ៦៥ពិន្ទុ ជាមួយលទ្ធផលឈ្នះ ២០ និងស្មើ ៥ មិនស្គាល់ពាក្យចាញ់ម្ដងឡើយ។

ចំពោះការប្រកួតមិនទាន់ចប់នោះទេ ពោលគឺក្រុមនីមួយៗ សល់ ១ប្រកួតក្នុងដៃទៀត ហើយព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ ក្នុងសប្ដាហ៍ចុងក្រោយ នាថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ នៅកីឡដ្ឋានស្ដាតចាស់ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់