ភ្នំពេញក្រោន នឹងប្រើប្រព័ន្ធការពារ ដើម្បីតតាំងជាមួយអង្គរថាយហ្គឺរ រសៀលនេះ

មាស សុផាណារ៉ុង October 26, 2019


 

សៀមរាប៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតក្រៅដីលើកចុងក្រោយដោយជួប អង្គរថាយហ្គឺរ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានស្វាយធំ (សៀមរាប) ក្នុងជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី២៥។

ជាមួយការប្រកួតនេះ លោក ស៊ុំ វណ្ណា គ្រូបង្វឹកស្ដីទីរបស់ភ្នំពេញក្រោន បានអះអាងថា ក្រុមខ្លួននឹងប្រើប្រព័ន្ធការពារច្រើន ដើម្បីតតាំងជាមួយក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ។ ការលើកឡើងដូច្នេះ ដោយសារលោកទទួលស្គាល់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ សម្បូរដោយកីឡាករមានគុណភាព ពិសេសការធ្វើបានល្អ សម្រាប់ការប្រកួតក្នុងដីតែម្ដង។

លោកថា៖ «យើងដឹងហើយថាពួកគេធ្វើបានល្អសម្រាប់ការប្រកួតក្នុងទឹកដី ដោយសារពួកគេស៊ាំជាមួយស្ថានភាពទីលាន ។ សម្រាប់អាកាសធាតុវិញមិនជាបញ្ហា ប៉ុន្តែទីលានគឺជាកត្តាសំខាន់ធ្វើឲ្យយើងលេងលំបាក…។ ជាមួយអង្គរថាយហ្គឺរ យើងមិនអាចធ្វេសប្រហេសបានទេ យើងត្រូវតែមានការការពារច្រើនជាងប្រយុទ្ធ ដោយសារកីឡាកររបស់គាត់មានគុណភាព។»

គ្រូបង្វឹកទើបបញ្ចប់វគ្គគ្រូ A-License ដោយជោគជ័យរូបនេះ បន្ដថា៖ «នៅពេលយើងលេងជាមួយសូលទីឡូអង្គរ យើងគ្រប់គ្រងការប្រកួតស្ទើរតែ ៨០ភាគរយ ប៉ុន្តែការបញ្ចប់ទីរបស់យើងមិនបានល្អ។ បន្ទាប់មកយើងបានធ្វើការពិចារណាឡើងវិញក្នុងការលេងជាមួយអង្គរថាយហ្គឺរ ដោយសារពួកគេមានទម្រង់លេងល្អ រៀបចំបានល្អ និងកីឡាករមានសមត្ថភាពជាងសូលទីឡូអង្គរ។»

ដោយហេតុនេះ លោកបានចាត់ទុកការប្រកួតរសៀលនេះ គឺជាជំនួបមួយដ៏លំបាកមុនបញ្ចប់រដូវកាល ដ្បិតភ្នំពេញក្រោន ឈរក្រោមអង្គរថាយហ្គឺរ និងជាក្រុមភ្ញៀវថែមទៀត។

គួរបញ្ជាក់ថា កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះអង្គរថាយហ្គឺរ ដោយលទ្ធផល ១-០ ក្នុងដីរបស់ខ្លួន។ ដូច្នេះចាំមើលល្ងាចនេះ តើភ្នំពេញក្រោន អាចរក្សាជ័យជម្នះលើក្រុមខ្លាំងនេះបានទៀតឬទេ? បច្ចុប្បន្នភ្នំពេញក្រោន កំពុងឈរលេខរៀងទី៦ និងមាន ៤៤ពិន្ទុ តាមពីក្រោយក្រុមអង្គរថាយហ្គឺរ ១ពិន្ទុ។ ចំពោះកម្មវិធីប្រកួតសប្ដាហ៍ចុងក្រោយរបស់ក្រុមទាំងពីរវិញ រួមមានក្រុមភ្នំពេញក្រោន ត្រូវប៉ះខេត្តកំពង់ចាម ក្នុងដី ខណៈអង្គរថាយហ្គឺរ ត្រូវប៉ះអគ្គិសនីកម្ពុជា ក្រៅដី៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់