គ្រូវិសាខាថា ត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ការសងសឹករបស់ណាហ្គា ល្ងាចនេះ

មាស សុផាណារ៉ុង October 26, 2019


 

ភ្នំពេញ៖ លោក Akeeb Tunji Ayoyinka គ្រូបង្វឹកស្ដីទីរបស់វិសាខា បានអះអាងថា ក្រុមខ្លួនបានត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច ដើម្បីបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏ ក៏ដូចជាស្វាគមន៍ការសងសឹករបស់ក្រុមលោក មាស ចាន់ណា នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានវិសាខា។

បុរសជនជាតិនីហ្សេរីយ៉ារូបនេះ បានទទួលស្គាល់ណាហ្គាវើលដ៏ គឺជាក្រុមខ្លាំង មិនងាយស្រួលយកចិត្ត ហើយលោកជឿថា ល្ងាចនេះណាហ្គាវើលដ៏នឹងខំប្រឹង ដើម្បីសងសឹកក្រុមខ្លួនវិញ បន្ទាប់ពីពួកគេបានរងបរាជ័យ ៣-២ ក្នុងដីកាលពីជើងទី១។ ប៉ុន្ដែយ៉ាងណាលោកហាក់គ្មានការព្រួយបារម្ភនោះទេ ដ្បិតកីឡាករម្នាក់ៗ បានត្រៀមខ្លួនរួចរាល់ ដើម្បីដណ្ដើមជ័យជម្នះ និងរក្សាចំណាត់ថ្នាក់លេខ២ ក្នុងរដូវកាលនេះ។

គ្រូបង្វឹកស្ដីទីខាងលើ និយាយថា៖ «ពួកយើងនឹងត្រូវខំប្រឹងខ្លាំង ដើម្បីប្រជែងយកលេខ២។ តែយើងដឹងថា ពួកគេ (ណាហ្គាវើលដ៏)មិនមែនជាក្រុមងាយស្រួលទេ។ សម្រាប់លទ្ធផលជើងទី១ យើងបានយកឈ្នះណាហ្គាលើទឹកដីពួកគេ។ ខ្ញុំដឹងថា ពួកគេនឹងសងសឹកយើងវិញ ពួកគេនឹងប្រឹងប្រែង ដើម្បីដណ្ដើមជ័យជម្នះក្នុងដីយើងវិញ។ ពួកយើងបានត្រៀមរួចរាល់ ដើម្បីការប្រកួតនេះ យើងត្រៀមខ្លួនទាំងផ្លូវការ និងផ្លូវចិត្ត យើងបានត្រៀមខ្លួន ហើយយើងដឹងថា វាមិនលំបាកខ្លាំងទេ សម្រាប់ពួកយើងថ្ងៃសៅរ៍នេះ។»

គួរដឹងថា ជំនួបល្ងាចនេះ គឺជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំងពីរ ដែលអាចកំណត់នូវជោគវាសនាក្នុងដណ្ដើមយកចំណាត់ថ្នាក់លេខ២ ក្នុងរដូវកាលឆ្នាំ២០១៩ ពោលបើសិនវិសាខា ទទួលបានជ័យជម្នះ ពួកគេនឹងទទួលបានជើងឯករង ដោយស្វ័យប្រវត្តិ តែបើណាហ្គាវើលដ៏ឈ្នះវិញ នោះចំណាត់ថ្នាក់លេខ២ នឹងត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតសប្ដាហ៍ចុងក្រោយ។ បច្ចុប្បន្នវិសាខា មាន ៥៤ពិន្ទុក្នុងដៃ មានប្រៀបលើក្រុមណាហ្គាវើលដ៏ ៣ពិន្ទុ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់