រឿងរ៉ាងស្រដៀងគ្នា លោក Conor និងលោក Pep ជូរចត់រដូវកាលដំបូង តែជោគជ័យរដូវកាលទី២ ក្នុងការដឹកនាំក្រុមប្រកួតក្នុងលីគ

មាស សុផាណារ៉ុង October 25, 2019


 

ភ្នំពេញ៖ ក្លឹបព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំដោយ លោក Conor Nestor នៅរដូវកាលទី២ បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះ ក្រសួងការពារជាតិ (ទ័ព) ដោយលទ្ធផល ៤ទល់២ ក្នុងសប្ដាហ៍ទី២៤ កាលពីថ្ងៃទី២០ ខែតុលា នៅកីឡដ្ឋានខេត្តស្វាយរៀង​ និងដាច់ពិន្ទុក្រុមលេខ២ វិសាខា ៨ពិន្ទុខណៈការប្រកួតនៅសល់តែ ២ប្រកួតនឹងបញ្ចប់។

អ្វីដែលជាការចាប់អារម្មណ៍នោះ ការដែលឈ្នះជើងឯកនេះ គឺត្រូវបានយកទៅប្រៀបធៀបជាមួយក្លឹបលីគកំពូលអង់គ្លេស Manchester City ដែលស្ថិតនៅស្ថានភាពប្រហាក់ប្រហែលគ្នា និងក្រោមការដឹកនាំដោយ លោក Pep Guardiola កាលពីរដូវកាល ២០១៦-២០១៧ និងរដូវកាល ២០១៧-២០១៨ ដ្បិតលោក ​Conor Nestor ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយក្លឹបកាលពីខែសីហា ឆ្នាំ២០១៨ ថា បានយកក្លឹប Manchester City ធ្វើជាឧទាហរណ៍។

Conor និយាយអំពីហេតុផលមួយចំនួននាំអោយមានរដូវកាលដ៏អាក្រក់ ខណៈយកគំរូតាម Manchester City

ឆ្នាំដំបូង៖

លោក Conor Nestor បានចូលមកដឹកនាំក្លឹបព្រះខ័នរាជស្វាយរៀង នៅដើមឆ្នាំ២០១៨ ជំនួសលោក សំ វ៉ាន់ដេត។ ក្នុងរដូវកាលដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ ព្រះខ័នរាជស្វាយរៀង នៅរដូវកាលដំពូងធ្វើពុំបានល្អឡើយ ដោយបានបញ្ចប់ទៅដោយឈរនៅលេខ៦ មាន ៣៣ពិន្ទុ តាមពីក្រោយក្រុមជើងឯក ណាហ្គាវើលដ៍ ដល់ទៅ ២៣ពិន្ទុ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ពេលលោកចូលមកដឹកនាំរដូវកាលដំបូង ព្រះខ័នរាជស្វាយរៀង បានជួបនូវវិបត្តិកីឡាកររបួសដូចជា សុក សំណាង, នេន សុធារដ្ឋ, សារ៉េត គ្រីយ៉ា, សំអឿន ពិដោរ និងរស់ គង់សំរេច ហើយថែមទាំងមានកីឡាករជាប់ពិន័យនៅពាក់កណ្ដាលរដូវកាល។

យ៉ាងណាក្រោយបញ្ចប់រដូវកាល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ លោក Conor Nestor បានថ្លែងប្រាប់សារព័ត៌មានក្លឹប pkrsvayriengfc.com ថា៖ «…ខ្ញុំបានប្រើប្រាស់ក្លិប Manchester City ជាឧទាហរណ៍ដោយកាលពី២ឆ្នាំមុនពួកគេបាត់បង់ឱកាសប្រជែងលីគដល់ទៅ១៥ពិន្ទុ ប៉ុន្តែបានកែប្រើស្ថានការណ៍ទៅជាល្អរហូតឈានដល់ជាក្រុមជើងឯកកាលពីរដូវកាលមុន។ ដោយបានបំបែកកំណត់ត្រាទាំងអស់ក្នុងលីគ…។»

ងាកមក លោក Pep Guardiola បានចូលមកដឹកនាំ Manchester City នៅរដូវកាល ២០១៦-២០១៧ រឿងដែលស្រដៀងគ្នាពេលលោកចូលមកដឹកនាំ Manchester City ក៏ជួបនូវបញ្ហាកីឡាកររបួសផងដែរ ដូចជា Vincent Kompany, Ilkay Gundogan ជាដើម ស្របពេលដែលកីឡាករ Fernandinho ត្រូវជាប់ពិន័យ។

រដូវកាលដំបុងរបស់ លោក Pep Guardiola ជាមួយ Manchester City គឺនាំក្រុមបានត្រឹមចំណាត់ថ្នាក់លេខ៣ ដោយរកបាន ៧៨ពិន្ទុ តាមពីក្រោយក្រុមជើងឯក Chelsea ១៥ពិន្ទុ។

រដូវកាលទី២៖

ចូលដល់ឆ្នាំទី២ នៅលីគកំពូលកម្ពុជា ពោលគឺរដូវកាល២០១៩ អ្វីៗបានប្រែប្រួលស្ទើរតែមិនគួរឲ្យជឿ ដ្បិតព្រះខ័នរាជស្វាយរៀង ពុំត្រូវបានអ្នកវិភាគគិតថានឹងជាបេក្ខភាពប្រជែងជើងឯក។ ក្រុមដែលស្ថិតក្រោមការដឹកនាំដោយ លោក Conor Nestor នេះបានចាប់ផ្ដើមបានយ៉ាងល្អ ជាមួយនឹងការឈ្នះ ៥ប្រកួតជាប់ៗគ្នា មុននឹងស្មើនៅប្រកួតទី៦។ កាន់តែជក់ចិត្ត ព្រះខ័នរាជស្វាយរៀង បានបន្តភាពប្រសើរនៃទម្រង់លេងរបស់ខ្លួន ដោយមិនដែលទាល់តែសោះសូម្បីតែចាញ់ និងបន្តរក្សារហូតមកដល់សព្វថ្ងៃ រហូតដល់ឈ្នះលីគកំពូលកម្ពុជា ទាំងដែលការប្រកួតនៅសល់ ២ប្រកួតទើបបញ្ចប់។

ព្រះខ័នរាជស្វាយរៀង នៅរដូវកាល២០១៩ ក្នុងចំណោម ២៤ប្រកួត ឈ្នះ ១៩ដង និងស្មើ៥ ហើយពុំដែលចាញ់ឡើយ ខណៈក្រុមនេះកំពុងព្យាយាមបង្កើតកំណត់ត្រា មិនដែលចាញ់សោះ នៅ២ប្រកួតដែលនៅសេសសល់នាពេលខាងមុខនេះផងដែរ។

ដោយឡែក សម្រាប់ Manchester City នៅរដូវកាលទី២ ( ២០១៧-២០១៨ ) ក្រោមការដឹកនាំរបស់ លោក Pep Guardiola ដដែល បានក្លាយជាម្ចាស់ជើងឯក បូករួមជាមួយកំណត់ត្រារកបានដល់ទៅ ១០០ពិន្ទុ ដាច់ក្រុមលេខ២ Manchester United ចំនួន ១៩ពិន្ទុ។

ឆ្នាំ ២០១៧-២០១៨ Manchester City ផងដែរ ធ្វើបាននូវកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់ដល់ទៅ ២២ប្រកួតជាប់គ្នា។ យ៉ាងណាមិញ ក្នុងចំណោម ៣៨ប្រកួត Manchester City ប្រកួតឈ្នះ ៣២ដង ស្មើ ៤ដង និងចាញ់តែ ២ដងប៉ុណ្ណោះ។

មានយោបល់ចំពោះ ការយក Manchester City ជាឧទាហរណ៍ លោក Conor បានបញ្ជាក់ថា៖ «ចំនុចសំខាន់គឺក្រុមទាំងអស់ត្រូវការកីឡាករឆ្នើមដើម្បីទទួលបានជោគជ័យ។ ហើយពិតណាស់ ខ្ញុំចូលចិត្តរបៀបដែល Man City លេង ប៉ុន្តែយើងមិនអាចនិយាយបានថាយើងដូចគេនោះទេ។ យើងព្យាយាមប៉ះបាល់ ប៉ុន្តែយើងមិនទាន់អាចលេងដាក់សម្ពាធដូច ​Man City បានទេ ពីព្រោះយើងត្រូវការកម្រិតកាយសម្បទាខ្ពស់ជាងនេះដើម្បីធ្វើ ហើយពេលខ្លះការប្រកួតនៅទីនេះម៉ោង ៣:៣០ វាក្តៅពេក ក្នុងការលេងរបៀបដាក់សម្ពាធ ប៉ុន្តែប្រាកដថាយើងចង់ លេងស្ទីលស្រដៀងគេ។»

នៅពេលដែលចោទសួរថា តើលោកមានយកទម្រង់ណាមួយរបស់លោក Pep មកប្រើប្រាស់នៅរដូវកាលនេះឬទេ? គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះឆ្លើយតបយ៉ាងដូច្នេះថា៖ «គ្មានទម្រង់លេងណាដែលជាកម្មសិទ្ធិរបស់ លោក Pep ទេ។ ទម្រង់លេងភាគច្រើនដែលអ្នកឃើញនៅក្នុងបាល់ទាត់ពិភពលោក គឺអ្វីដែលពួកគេបានធ្វើពីមុន។ រឿងសំខាន់ដែលខ្ញុំយកពីការមើលក្រុមរបស់ លោក Pep គឺរបៀបដែលគាត់មិនភ័យខ្លាចក្នុងការផ្លាស់ប្តូរទម្រង់លេងអំឡុងពេលប្រកួត។ យើងបានធ្វើវាជាច្រើនដងក្នុងរដូវកាលនេះ ហើយខ្ញុំមានមោទនភាពដែលកីឡាកររបស់យើងអាចសម្របខ្លួនបាន។»

ក្លឹបព្រះខ័នរាជស្វាយរៀង បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិហើយក្នុងសប្ដាហ៍ទី២៤ កាលពីថ្ងៃទី២០ ខែតុលា នៅកីឡដ្ឋានខេត្តស្វាយរៀង ទោះបីនៅសល់ការប្រកួតសន្សំពិន្ទុចំនួន ២សប្ដាហ៍ទៀតក្ដី គ្រប់គ្រាន់ឲ្យក្រុមលោក Conor Nestor ក្លាយជាម្ចាស់ពាន បន្ទាប់ពីឆ្លងកាត់ ២៤ប្រកួត ឈ្នះ ១៩ និងស្មើ ៥ ដោយមិនស្គាល់ពាក្យចាញ់ម្ដងឡើយ ពោលគឺមាន ៦២ពិន្ទុ នាំមុខដាច់ក្រុមឈរលេខ២ វិសាខាចំនួន ៨ពិន្ទុ ដូច្នេះទោះបីលទ្ធផល ២ប្រកួតចុងក្រោយយ៉ាងណា ក៏ព្រះខ័នរាជស្វាយរៀង នៅតែលើកពានដដែល។

ដោយឡែក ចំពោះពិធីប្រគល់ពាននឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាទឹកដីរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ផ្ទាល់តែម្ដង ក្នុងជំនួបសប្ដាហ៍ទី២៥ ទល់នឹងក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត នាវេលាម៉ោង ៦:០០ នាទីល្ងាចថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ចុងសប្ដាហ៍នេះ៕

 

រូបភាព៖ mancity | AFP | Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់