កម្ពុជា ត្រៀមបង្កើតប្រវត្តិសាស្ត្រថ្មីជាមួយ ម៉ុងហ្គោលី ក្នុងជំនួបបាល់ទាត់មិត្តភាពកម្ដៅសាច់ដុំ

មាស សុផាណារ៉ុង October 24, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលភ្ញៀវ ជម្រើសជាតិម៉ុងហ្គោលី ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដោសាច់ដុំ នាពាក់កណ្ដាលខែវិច្ឆិកាខាងមុខ នេះបើយោងតាមការប្រកាសឲ្យដឹងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា។

ការប្រកួតនេះផងដែរ ត្រូវបានចាត់ទុកថាជាការបង្កើតប្រវត្តិសាស្ត្រថ្មីរវាងប្រទេសទាំងពីរ លើវាលស្មៅបាល់ទាត់ ដ្បិតចាប់តាំងពីបានបង្កើតសហព័ន្ធរៀងៗខ្លនមក ( កម្ពុជា បង្កើតឆ្នាំ ១៩៣៣ ) និង ( ម៉ុងហ្គោលី​ បង្កើតឆ្នាំ ១៩៥៩ ) ក្រុមទាំងពីរមិនដែលជួបប្រកួតគ្នាទាល់តែសោះទាំងប្រកួតផ្លូវការ និងក្រៅផ្លូវការ។

ចំពោះការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ វេលាម៉ោង៦និង៣០នាទីល្ងាច ដោយស្ថានីយទូរទស្សន៍ BTV News នឹងធ្វើការផ្សាយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតនេះក៏ជាការត្រៀមសម្រាប់កម្ពុជា ប្រកួតនៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC )​ ក្នុងជំនួបទី៥ ប្រចាំពូល C ទល់នឹងហុងកុង នៅថ្ងៃទី១៩ ខែដដែល​ លើកោះហុងកុង ស្របពេលដែល ម៉ុងហ្គោលី យកការប្រកួតនេះត្រៀមប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃជាមួយគ្នា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់