ហ្វូតសាលកម្ពុជា រកបានពិន្ទុលើកដំបូងពីពានជើងឯកហ្វូតសាលអាស៊ាន ក្រោយខកខានតាំងពីឆ្នាំ ២០១២

មាស សុផាណារ៉ុង October 24, 2019


 

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានប្រកួតស្មើជាមួយ ក្រុមជម្រើសជាតិហ្វូតសាលទីម័រខាងកើត នាថ្ងៃទី២៣ ខែតុលា ម្សិលមិញ ដែលជាប្រកួតបង្រ្គប់កិច្ច ប្រចាំពូល A នៃពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកអាស៊ាន (AFF Futsal Championship 2019) នៅកីឡដ្ឋាន Phu Tho Stadium នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយលទ្ធផល ៤ទល់៤។

ក្នុងការប្រកួតនេះនៅវគ្គទី១ កម្ពុជា បានរកគ្រាប់បាល់បាន​ ៣គ្រាប់ ខណៈទីម័រខាងកើត រកបាន ២គ្រាប់មកវិញផងដែរ និងបញ្ចប់ទៅដោយលទ្ធផល ២ទល់៣​ ខណៈនៅវគ្គទី២ កម្ពុជា បានបន្ថែមគ្រាប់បាល់ ១គ្រាប់ ប៉ុន្តែត្រូវបានទីម័រខាងកើត តាមស្មើ នៅបញ្ចប់ការប្រកួត។

លទ្ធផល​ស្មើ​នេះ​ បានធ្វើឲ្យ កម្ពុជា រក​ពិន្ទុ​បានជា​លើកដំបូង​បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ​២០១២​ ដែលជាឆ្នាំកម្ពុជា ចូលរួមចុងក្រោយ មុនងវត្តមាន ៥ឆ្នាំចុងក្រោយនេះ។ យ៉ាងណាមិញ ​ពូ​ល A នេះ ថៃ ឈរ​កំពូល​តារាង ដោយមាន ៩​ពិន្ទុ​ក្នុង​ដៃ តាម​ពីក្រោយ​ដោយ មី​យ៉ាន់​ម៉ា មាន ៦​ពិន្ទុ និង​ដឹក​ដៃ​គ្នា​ឡើង​ជុំ​បន្ត​ ខណៈ​លេខ​៣ ទី​ម័​រ​ខាងកើត មាន ១​ពិន្ទុ និង​កម្ពុជា នៅ​បាត​តារាង មាន ១​ពិន្ទុ​ តែ​ខុសគ្នា​ត្រង់​គ្រាប់​បាល់​ចំណេញ​។

ជាថ្មីម្ដងទៀត ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកអាស៊ាន ( AFF Futsal Championship ) បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ ខណៈកម្ពុជា ចូលរួមលើកដំបូងនៅឆ្នាំ២០០៦ ហើយគ្រានោះអាចរកបានដល់ទៅ ៦ពិន្ទុ និងបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ៨ក្រុម ឆ្នាំបន្តបន្ទាប់ទៀត ( ២០០៧-២០១១ ) កម្ពុជា ខកខានចូលរួមរហូតដល់ឆ្នាំ២០១២ ទើបចូលរួមសារជាថ្មី ហើយក៏ជាឆ្នាំរកបាន ៣ពិន្ទុចុងក្រោយនេះ មុននឹងអវត្តមាន ៥ឆ្នាំចុងក្រោយ ( ២០១៣-២០១៧ ) ហើយរកបាន ១ពិន្ទុនៅឆ្នាំ២០១៩ នេះផ្ទាល់តែម្ដង។

​បញ្ជាក់ថា ឆ្នាំ​កន្លងទៅ កម្ពុជា បាន​បញ្ចប់​ទៅ​ដោយ​ស្ថិតនៅ​បាត​តារាង ក្នុង​ពូ​ល A ដែលមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា ក្នុងការ​ប្រកួត ៣​ដង ចាញ់​ទាំង ៣​ដង និង​របូត​គ្រាប់​បាល់​ដល់​ទៅ ៣៤​គ្រាប់ ហើយ​ទាត់​បញ្ចូល​ទី​បាន ២​គ្រាប់​៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់