តំណាង TV-5 ច្រាលចោលព័ត៌មានទទួលសិទ្ធផ្សាយបន្ដផ្ទាល់បាល់ទាត់ស៊ីហ្គេម នៅហ្វីលីពីន

មាស សុផាណារ៉ុង October 23, 2019


 

ភ្នំពេញ៖ លោក ហ៊ ង៉ែត គណៈគ្រប់គ្រង និងជាទីប្រឹក្សាផ្នែកកីឡា នៃស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ (TV-5) បានអះអាងថា ស្ថានីយ៍របស់ខ្លួន មិនមានការផ្សាយបន្ដផ្ទាល់ ជុំវិញការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ នេះ ដូចការលើកឡើងរបស់ព័ត៌មានចរចាមអារាមឡើយ ពោលគឺមានតែការបញ្ជូនក្រុមការងារ ទៅផ្ដិតយករូបភាព និងព័ត៌មានខ្លីៗ សម្រាប់ផ្សព្វផ្សាយជូនប្រជាពលរដ្ឋប៉ុណ្ណោះ។

លោកបន្ដថា «ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ នឹងចូលរួមចំណែក ដើម្បីជួយផ្សព្វផ្សាយស្ដីអំពីការប្រកួតកីឡាស៊ីហ្គេម នៅហ្វីលពីន ទាក់ទងនឹងសកម្មភាពរបស់អត្តពលិកយើង ទៅចូលរួមប្រកួត មានន័យថា យើងគ្រាន់តែផ្ដល់ព័ត៌មាន យើងមានភ្នាក់ងារទៅយកព័ត៌មានផ្ទាល់នៅទីនោះ ប៉ុន្ដែមិនមានការផ្សាយបន្ដផ្ទាល់ការប្រកួតកីឡាទាំងស្រុងណាមួយនោះទេ គ្រាន់តែយើងដាក់ជាព័ត៌មានខ្លីៗ ការវិវត្តន៍ និងការខំប្រឹងរបស់អត្តពលិកយើងប៉ុណ្ណោះ។»

ជាមួយការបញ្ជាក់ប្រាប់ក្រុមការងារ Camsports បែបនេះ បន្ទាប់ពីមានព័ត៌មានចរចាមអារាម កាលពីពេលថ្មីៗ បានលើកឡើងជាបន្ដបន្ទាប់ថា TV-5 បានទទួលសិទ្ធផ្សាយបន្ដផ្ទាល់ លើការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន។

ចំពោះព្រឹត្តិការណ៍ប្រចាំតំបន់នេះ គ្រោងបើកការប្រកួតនៅថ្ងៃទី៣០ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្ដែប្រភេទកីឡាបាល់ទាត់ នឹងចាប់ផ្ដើមការប្រកួតមុនគេ នៅថ្ងៃទី២៦-វិច្ឆិកា រហូតដល់ថ្ងៃទី១០-ធ្នូ។

គួរបញ្ជាក់ថា ប្រភេទកីឡាបាល់ទាត់នេះដែរ ក្រុមជម្រើសជាតិ U-22 កម្ពុជា គឺស្ថិតក្នុងពូល ជាមួយក្រុមម្ចាស់ផ្ទះ U-22 ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត៕

 

អត្ថបទ៖ បុត្រា

មតិយោបល់