កម្ពុជាបរាជ័យនៅ World Cup ប៉ុន្តែនៅសល់ឱកាសសម្រាប់ AFC Asian Cup បន្តទៀត
នូ មករា March 25, 2016
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានអស់ឱកាសនៅក្នុងការចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ ហើយក្រោយពីបានទទួលលទ្ធផលបរាជ័យទាំង ៨លើកក្នុងវគ្គជម្រុះតំបន់អាស៊ីដោយចុងក្រោយក្រុមនេះត្រូវបានក្រុមបាល់ទាត់ជម្រើសជាតិស៊ីរីលត់ក្នុងលទ្ធផល ៦-០ កាលពីយប់មិញនៅលើទីលាននៃកីឡដ្ឋាន Al-Seeb នៃទីក្រុង Muscat ប្រទេសអូម៉ង់ដែលជាទឹកដីកណ្តាល។ យ៉ាងណាក៏ដោយ បើយោងទៅតាមរូបមន្តថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក្រុមជម្រើសជាតិកម្ពុជានៅមានឱកាសក្នុងការចូលរួមប្រកួតវគ្គ Playoff ដើម្បីរកកៅអីជុំទីបីនៃព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០១៩ ខណៈដែលការប្រកួត Playoff នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ សម្រាប់ជើងទីមួយហើយជើងទីពីរនឹងត្រូវធ្វើនៅអំឡុងខែកញ្ញា និងខែតុលាដោយការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមេសា នៅទីស្នាក់ការ AFC នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ មករា
រូបភាព៖ Camsports