លើកដំបូងពិធីប្រគល់ពានលីគកំពូលកម្ពុជា នឹងធ្វើនៅក្រៅទឹកដីនៃពហុកីឡដ្ឋានជាតិ

មាស សុផាណារ៉ុង October 23, 2019


 

ភ្នំពេញ៖ ពិធីប្រគល់ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៩ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ នេះ ទៅដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលបានប្រាកដខ្លួនឯងជាជើងឯកកាលពីចុងសប្ដាហ៍មុន នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបញ្ជាក់ដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) នៅព្រឹកថ្ងៃទី២៣ ខែតុលា នេះ។

សេចក្ដីជូនដំណឹង បញ្ជាក់ថាពិធីប្រគល់ពាននឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាទឹកដីរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ផ្ទាល់តែម្ដង ក្នុងជំនួបសប្ដាហ៍ទី២៥ ទល់នឹងក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត នាវេលាម៉ោង ៦:០០ នាទីល្ងាចថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។

ខាងក្រោមគឺជាសេចក្ដីសម្រេច៖

ចំពោះការរៀបចំធ្វើពិធីប្រគល់ និងបំពាក់មេដាយ ពានរង្វាន់លីគកំពូលកម្ពុជា នៅខេត្តស្វាយរៀង នេះផងដែរ គឺចាត់ទុកថាជាលើកទី១ ដែលពិធីប្រគល់ពាននេះធ្វើនៅក្រៅពីពហុកីឡដ្ឋានជាតិ គិតចាប់តាំងពីកកើតលីគមក ដ្បិតឆ្នាំកន្លងៗមកនេះពិធីគឺតែងតែធ្វើនៅពហុកីឡដ្ឋានជាតិ។

យ៉ាងណាមិញ កីឡដ្ឋានខេត្តស្វាយរៀង ក៏ធ្លាប់រៀបចំធ្វើពិធីប្រគល់ និងបំពាក់មេដាយ ពានរង្វាន់ម្ដងរួចមកហើយផងដែរ ពោលគឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១៥ គ្រាដែលពេលនោះវគ្គផ្ដាច់ព្រ័ត្រធ្វើនៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីពហុកីឡដ្ឋានជាតិ មិនអាចប្រើប្រាស់ព្រោះស្ថិតក្នុងដំណាក់កាលជួសជុលដាក់ស្មៅសិប្បនិម្មិត។

ណាហ្គាវើលដ៍ លើកជើងឯកលីគកាលពីឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ

គួររំលឹកផងដែរថា ក្លឹបព្រះខ័នរាជស្វាយរៀង បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិបន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះ ក្រសួងការពារជាតិ (ទ័ព) ដោយលទ្ធផល ៤-២ ក្នុងសប្ដាហ៍ទី២៤ កាលពីថ្ងៃទី២០ ខែតុលា នៅកីឡដ្ឋានខេត្តស្វាយរៀង ទោះបីនៅសល់ការប្រកួតសន្សំពិន្ទុចំនួន ២សប្ដាហ៍ទៀតក្ដី ប៉ុន្ដែជ័យជម្នះនេះ គ្រប់គ្រាន់ឲ្យក្រុមលោក Conor Nestor ក្លាយជាម្ចាស់ពាន បន្ទាប់ពីឆ្លងកាត់ ២៤ប្រកួត ឈ្នះ ១៩ និងស្មើ ៥ ដោយមិនស្គាល់ពាក្យចាញ់ម្ដងឡើយ ពោលគឺមាន ៦២ពិន្ទុ នាំមុខដាច់ក្រុមឈរលេខ២ វិសាខាចំនួន ៨ពិន្ទុ ដូច្នេះទោះបីលទ្ធផល ២ប្រកួតចុងក្រោយយ៉ាងណា ក៏ព្រះខ័នរាជស្វាយរៀង នៅតែលើកពានដដែល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់