U-19 កម្ពុជា ហាត់សមថ្ងៃនេះ មុនប្រមូលផ្ដុំផ្លូវការ នាថ្ងៃទី២៩-តុលា ត្រៀមប្រកួតជម្រុះ AFC U-19

មាស សុផាណារ៉ុង October 23, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងធ្វើការហ្វឹកហាត់សមមួយថ្ងៃ នាល្ងាចថ្ងៃពុធនេះ មុនការប្រមូលផ្ដុំហ្វឹកហាត់ផ្លូវការ នាថ្ងៃទី២៩ ខែតុលាខាងមុខ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ពូល G ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ។

បើតាមការបង្ហើបរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការហាត់សមនេះ ប្រៀបដូចជាការធ្វើតេស្ដដែរ បន្ទាប់ពីសហព័ន្ធបានប្រកាសបញ្ជីឈ្មោះកីឡាករបឋមចំនួន ២៤នាក់ កាលពីពេលថ្មីៗ។

ដូច្នេះបន្ទាប់ពីហ្វឹកហាត់រួច លោក Gyotoku Koji គ្រូបង្វឹកក្រុម U-19 កម្ពុជា អាចនឹងធ្វើការជម្រុះកីឡាករម្នាក់ ពោលគឺទុក ២៣នាក់ប៉ុណ្ណោះ សម្រាប់ត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ផ្លូវការ នាដើមសប្ដាហ៍ក្រោយ។

គួរដឹងថា ការធ្វើម្ចាស់ផ្ទះពូល G នៃវគ្គជម្រុះពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីខាងលើ ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ៤ប្រទេស រួមមានក្រុមខ្លាំងថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងក្រុមកោះម៉ារីណាខាងជើង។

ចំពោះប្រកួតបើកឆាកក្រុម U-19 កម្ពុជា នឹងត្រូវប៉ះក្រុម U-19 ម៉ាឡេស៊ី មុនគេនាថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ពិសេសព្រឹត្តិការណ៍នេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់