គ្រូ U-19 ថៃ មិនបារម្ភបញ្ហាទីលានស្មៅសិប្បនិមិត្ត ក្នុងវគ្គជម្រុះ AFC U-19 នៅកម្ពុជា

មាស សុផាណារ៉ុង October 22, 2019


 

ថៃ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំថៃ នឹងត្រូវរួមពូល G ជាមួយកម្ពុជា ប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) នាដើមខែវិច្ឆិកាខាងមុខ ដែលធ្វើឡើងនៅលើវាលស្មៅសិប្បនិមិត្ត រាជធានីភ្នំពេញ។

យ៉ាងណាមិញ មុនព្រឹត្តិការណ៍ដ៏សំខាន់នេះមកដល់ គ្រូបង្វឹកនៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំថៃ លោក Issara Sritharo មិនបារម្ភបញ្ហាទីលានស្មៅសិប្បនិមិត្ត ក្នុងវគ្គជម្រុះ AFC U-19 នៅកម្ពុជាឡើយ ដ្បិតក្រុមរបស់លោកត្រៀមខ្លួនបានយ៉ាងល្អ។

ថ្លែងជាមួយសារព័ត៌មានថៃ លោក Issara Sritharo បានលើកឡើងថា៖ «ពីមុនយើងតែងតែស្វែងរកកំហុសរបស់ក្រុម។ សម្រាប់ពេលនេះ ជាការពិតគោលដៅគឺផ្សេង ក្រៅពីអាចឡើងទៅជុំបន្ទាប់ ដូច្នេះក្រុមនឹងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការប្រកួតជើងឯកយុវជនពិភពលោកផងដែរ។»

«យើងនឹងធ្វើឲ្យអស់ពីសមត្ថភាព។ នាំមកនូវបទពិសោធន៍ពីមុន និងនាំក្រុមឲ្យត្រៀមរួចរាល់ខ្លួនក្នុងការប្រកួតលើស្មៅសិប្បនិម្មិត យើងមិនព្រួយបារម្ភអំពីរឿងនេះទេ ដោយសារតែយើងមានទីលានហ្វឹករបស់យើង ក៏មានទីលានប្រភេទនេះដែរ។» លោក Issara Sritharo បន្ថែម។​

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំថៃ បច្ចុប្បន្នបានកោះហៅកីឡាករបឋមចំនួន ៣០នាក់ ចូលជំរំហ្វឹកហាត់ ជាមួយគ្នាផងដែរ ក្រុមនេះក៏នឹងមានត្រៀមការប្រកួតកម្ដៅសាច់ដុំចំនួន ៤ប្រកួតលើស្មៅសិប្បនិម្មិត មុននឹងចម្រាញ់កីឡាករ ២៣នាក់ចុងក្រោយ នៅថ្ងៃទី៣១ ខែតុលា ដែលជាជម្រើសឡើងមកប្រកួតនៅកម្ពុជា។

បេសកកម្មប្រកួតពានរង្វាន់ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង ខណៈការប្រកួតក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់ថៃ | FA Thailand

អត្ថបទ៖ បុត្រា

មតិយោបល់