U19 ថៃ ផ្លាស់ប្ដូរសមាសភាពកីឡាករ ៨នាក់និងភាគច្រើនខ្សែប្រយុទ្ធ ពីឈុតដែលចាញ់កម្ពុជា ៣ខែមុន

មាស សុផាណារ៉ុង October 31, 2019


 

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំថៃ បានធ្វើការបង្ហាញសមាសភាពកីឡាកររបស់ខ្លួនចំនួន ២៣នាក់ផ្លូវការហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដើម្បីប្រកួតជម្រុះពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ប្រចាំពូល G ដែលនឹងប្រកួតនៅដើមខែវិច្ឆិកា ខាងមុខនេះ នៅទឹកដីកម្ពុជា។

កីឡាករទាំង ២៣រូបនេះ ត្រូវបានដឹងថាមានការផ្លាស់ប្ដូរខ្លះៗផងដែរ ស្រដៀងគ្នាទៅនឹង ម៉ាឡេស៊ី ពីសមាសភាពកីឡាករដែលបានចូលរួមប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship ) កាលពីខែសីហា កន្លងទៅនៅប្រទេសវៀតណាម ពោលគឺមានការផ្លាស់ប្ដូរសមាសភាពកីឡាករចំនួន ៨រូប។

អ្វីដែលជាការចាប់អារម្មណ៍ សមាសភាពកីឡាករដែលត្រូវបានផ្លាស់ប្ដូរភាគច្រើនគឺជាខ្សែប្រយុទ្ធ និងអ្នកចាំទី ជាក់ស្ដែងអ្នកចាំទី ២រូប ខ្សែការពារ ១រូប និងខ្សែប្រយុទ្ធដែលក្នុងបញ្ជីមានដល់ទៅ ៦រូប គឺផ្លាស់ប្ដូរដល់ទៅ ៤រូប ហើយរឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ កីឡាករ Suphanat Mueanta ដែលជាសមាជិកនៃក្រុមជម្រើសជាតិថៃឈុតធំ ក៏ត្រូវបានកោះហៅមករួមក្រុមផងដែរ។

សមាជិករបស់ក្លឹប Buriram កីឡាករ Suphanat Mueanta រូបនេះបច្ចុប្បន្នកំពុងក្លាយជាកីឡាករវ័យក្មេងដែលលេចធ្លោទាំងលីគថៃ និងក្រុមជម្រើសជាតិ​ដោយបានបង្ហាញខ្លួន ៣លើកជាមួយជម្រើសជាតិឈុតធំ និងជាមួយក្លឹប Buriram របស់ខ្លួនវិញ បង្ហាញខ្លួនបាន ៣២ប្រកួត ទាត់ចូលទី ១០គ្រាប់។

សមាសភាពកីឡាករទាំង ២៣នាក់របស់ U-19 ថៃ៖

ប្រកួតពានរង្វាន់ដដែលនេះ ក្នុងឆ្នាំ​២០១៩ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង ហើយធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិ ទាំងអស់។

សម្រាប់ព្រឹត្តិការណ៍ដដែលនេះ រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-19 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា & សហព័ន្ធកីឡាបាល់ទាត់ថៃ | FA Thailand

អត្ថបទ៖ ណារ៉ុង

មតិយោបល់