គ្រូព្រះខ័នរាជស្វាយរៀង ចង់បន្តកំណត់ត្រាមិនចាញ់ ២ប្រកួតដែលនៅសេសសល់ រួមទាំងពានសម្តេចតេជោ

មាស សុផាណារ៉ុង October 22, 2019


 

ស្វាយរៀង៖ លោក Conor Nestor គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ចង់បន្តកំណត់ត្រាមិនដែលចាញ់ ចាប់តាំងពីបើករដូវកាល២០១៩ មក នៃលីគកំពូលកម្ពុជា​២ប្រកួតដែលនៅសេសសល់ បើទោះបីជាឈ្នះលីគហើយក្ដី។

ថ្លែងក្រោយនាំក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប កាលពីចុងសប្ដាហ៍ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ក្រោយយកបំបាក់ក្រសួងការពារជាតិ កន្លងទៅនាកីឡដ្ឋានស្វាយរៀង ដោយលទ្ធផល ៤ទល់២ លោក Conor Nestor បានបញ្ជាក់ថា ក្លឹបពិតជាចង់បន្តកំណត់ត្រានេះ តែក៏សង្កត់ធ្ងន់ថាមិនមែនជារឿងងាយស្រួលដូចគ្នា។

«ប្រាកដណាស់ យើងចង់បន្តធ្វើវាទៀត។ វាគឺ ៣២ប្រកួតហើយ ដែលយើងមិនដែលចាញ់ នេះមិនមែនជារឿងងាយស្រួលនោះទេ ហើយនីមួយៗគូប្រកួតរបស់យើងកាន់តែមានកម្លាំងចិត្តដើម្បីបញ្ចប់កំណត់ត្រារបស់យើង។ ដូច្នេះរាល់ថ្ងៃយើងត្រូវតែខិតខំធ្វើឲ្យប្រសើរជាងម្សិលមិញ នេះគឺជាផ្លូវរបស់យើង ហើយយើងនឹងបន្តទៅមុខ។» សម្ដីរបស់​ លោក Conor Nestor។

នៅពេលដែលចោទសួរអំពីបំណងឈ្នះពាន ២ក្នុងរដូវកាល២០១៩ នេះលោកបានបញ្ជាក់ថា នេះគឺជាគោលដៅរបស់ក្លឹប។ «ប្រាកដណាស់ វាជាគោលដៅរបស់យើង ឥឡូវនេះយើងជឿជាក់ថាយើងអាចធ្វើបាន ប៉ុន្តែយើងដឹងថាវាមិនងាយស្រួលទេ។»

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង កំពុងស្ថិតនៅលើផ្លូវឈ្នះពានរង្វាន់២ ក៏ដូចជារក្សាកំណត់ត្រាមិនដែលចាញ់ ក្នុងរដូវកាល ២០១៩​ នេះ បន្ទាប់ពីឈ្នះលីគរួច ជាមួយការប្រកួត ២៤ដង ឈ្នះ១៩ ស្មើ៥ ហើយនៅសល់ ២ប្រកួតដែលត្រូវប៉ះ អាស៊ីអឺរ៉ុបយូណាយធីត និងណាហ្គាវើលដ៍ ខណៈពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅវគ្គផ្ដាច់ព្រ័ត្រដោយត្រូវជួប បឹងកេត គ្រាដែលគិតចាប់ពីវគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ព្រះខ័នរាជស្វាយរៀង ឈ្នះ៤ និងស្មើ១ និងមិនដែលចាញ់ដូចគ្នា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់