បញ្ជីឈ្មោះ U-19 កម្ពុជា ប្រមូលផ្ដុំលើកទី២ ត្រៀមប្រកួតវគ្គជម្រុះពាន AFC U-19

មាស សុផាណារ៉ុង October 22, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( FFC ) បានបង្ហាញបញ្ជីឈ្មោះ ២៤នាក់ នៃក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា ដើម្បីត្រៀមប្រមូលផ្ដុំប្រកួតវគ្គជម្រុះពានរង្វាន់ជម្រើសជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាដើមខែវិច្ឆិកាខាងមុខ។

សូមបញ្ជាក់ថា មុនចម្រាញ់បានកីឡាករឆ្នើម ២៤នាក់ ក្រោមការដឹកនាំរបស់លោក Gyotoku Koji គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ U-18 កម្ពុជា លោកបានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងតេស្ដសមត្ថភាពចំនួន ម្ដងមកហើយផងដែរ ដោយមានការចូលរួមភាគច្រើនពីយុវជនសាលាបាល់ទាត់ជាតិបាទី និងកីឡាករ តាមក្លឹបសមាជិកលីគកំពូលកម្ពុជាមួយចំនួន និងភាគច្រើនសុទ្ធតែបានចូលរួមប្រកួតពានជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម កាលពីខែសីហាកន្លងទៅថ្មីៗនេះផងដែរ។

យុវជនទាំងនោះរួមមាន ១០នាក់មកពីយុវជនសាលាបាល់ទាត់ជាតិបាទី, ៦នាក់ មកពីក្លឹបបាល់ទាត់វិសាខា, ២នាក់ មកពីក្លឹបណាហ្គាវើលដ៍, ២នាក់ មកពីបឹងកេត, ១នាក់ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ,  អគ្គិសនីកម្ពុជា ១នាក់, ភ្នំពេញក្រោន ១នាក់ និងព្រះខ័នរាជស្វាយរៀង ១នាក់។

ចំពោះបេសកកម្មចូលរួមប្រកួតពានរង្វាន់ ( 2020 AFC U-19 Championship qualification ) ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ខាងមុខ កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗ ដូចជាថៃ, ម៉ាឡេស៊ី, ព្រុយណេ និងកោះម៉ារីណាខាងជើង។

អ្វីដែលគួរឲ្យរីករាយ សម្រាប់ព្រឹត្តិការណ៍ដដែលនេះ ពិសេសរាល់ការប្រកួតរបស់ក្រុមជម្រើសជាតិ U-18 កម្ពុជា ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់