ឯកឧត្តម ហ៊ុន ម៉ានី ទម្លាយអ្នកគាំទ្រកម្ពុជាខ្លះ ពូកែបង្អាប់ជាងសរសើរ

មាស សុផាណារ៉ុង October 21, 2019


 

ភ្នំពេញ៖ ឯកឪត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា អ្នកគាំទ្រកម្ពុជាមួយចំនួន ហាក់ពូកែបង្អាប់ជាងការសរសើរ ពិសេសគឺបង្អាប់ខ្មែរគ្នាឯង ពេលចូលរួមទស្សនការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាម្ដង។

ការលើកឡើងបែបនេះ ក្រោយលោកបានលឺផ្ទាល់ត្រចៀកនូវការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យរបស់អ្នកគាំទ្រមួយចំនួន អំឡុងពេលលោកចូលរួមទស្សនាក្រុម U-23 កម្ពុជា ប៉ះថៃ កាលពីពេលកន្លងទៅ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលប្រកួតពានរង្វាន់ Soccer League លើកទី៥ នៅសណ្ឋាគារសុខា កាលពីម្សិលមិញ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «ខ្ញុំនឹកឃើញរឿងមួយ ពេល U23 កម្ពុជា ប៉ះថៃ ស្ដាប់ទៅមិនសូវទំនង ពេលក្រុមជម្រើសជាតិយើងលេងត្រូវគ្នា មានការកោតសរសើរមិនសូវច្រើនទេ…។ គ្រាន់តែប្រហែសបន្ដិច បង្អាប់ខ្មែរគ្នាឯងជាងថៃទៅទៀត អាពេលគ្នាកំពុងតែខំប្រឹង តែធ្វើម៉េចពេលខ្លះ ពួកគេខ្ពស់ជាងយើង កាយសម្បទាអាចថារឹងមាំជាងយើង អាហាររូបត្ថម្ភ អាចថាច្រើនជាងយើង។»

លោកបន្ដថា៖ «ពេលខ្លះឃើញថា កីឡាករជម្រើសជាតិយើង គ្នាខំប្រឹងហើយ តែពេលរួចឃើញអ្នកគាំទ្រនិយាយបង្អាប់ដោយពាក្យអាក្រក់ស្ដាប់។ ហើយបើសិនបរទេសចេះខ្មែរទៀត គ្រាន់តែលឺខ្មែរបង្អាប់ខ្មែរគ្នាឯង មិនដឹងថាបរទេសឲ្យតម្លៃខ្មែរប៉ុណ្ណាទេ ដោយសារយើងខ្លួនឯង បង្អាប់ខ្មែរដល់កម្រិតហ្នឹងទៅហើយ។ តែនេះគឺជាមតិរបស់បុគ្គលមួយចំនួនទេ តែខ្ញុំគិតថា ឆន្ទៈ និងការគាំទ្រទៅលើអ្វី ដែលជារបស់ក្រុមជម្រើសជាតិកម្ពុជា ពិតជាមានការឡើង និងមានមោទនភាពជាខ្លាំង ហើយមិនមែនតែយើងទេ សូម្បីជប៉ុនក៏ទទួលស្គាល់ដែរ ព្រោះឲ្យតែជម្រើសជាតិយើងលេង ដឹងតែស្ដាតយើងពេញៗហើយ។»

ចាប់អារម្មណ៍ជាមួយការប្រកួតពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ វិញ គឺមាន ៧២ក្រុមចូលរួម ហើយបែងចែកជា ១៦ពូល។ ចំពោះពិធីបើកការប្រកួតផ្លូវការ គឺគ្រោងធ្វើឡើងនាថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។

ទន្ទឹមជាមួយគ្នាលោក ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់ក្រុមនីមួយៗ ត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវបទបញ្ជាការប្រកួត ដើម្បីបង្ហាញនូវស្មារតីសាមគ្គីភាព មិត្តភាព និងផ្សាភ្ជាប់ទំនាក់ទំនងល្អ រវាងបណ្ដាលសមាគម/ក្លឹប និងគ្រប់រាជធានី-ខេត្ត ដែលត្រៀមចូលរួមប្រកួតផងដែរ៕

 

រុបភាព៖ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia

អត្ថបទ៖ បុត្រា

មតិយោបល់