U-16 កម្ពុជា បញ្ចប់ទៅដោយឈរលេខ៣ ពានរង្វាន់អន្តរជាតិ UEFA Assist U16 Development Tournament 2019

មាស សុផាណារ៉ុង October 21, 2019


 

ដាកា៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ដែលបានចូលរួមប្រកួតក្នុងពានរង្វាន់អន្តរជាតិ មានឈ្មោះថា «UEFA Assist U16 Development Tournament 2019» ធ្វើឡើងនៅប្រទេសបង់ក្លាដេស នោះបានបញ្ចប់ការប្រកួតរបស់ខ្លួនជាផ្លូវការហើយ ដោយឈរនៅលេខ៣ ក្នុងចំណោម ៤ក្រុម។

ពានរង្វាន់ដដែលខាងលើនេះ គឺបានចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងដាកា ដោយមានការចូលរួមពីក្រុមចំនួន ៤មកពីតំបន់ផ្សេងៗពីគ្នា រួមមានម្ចាស់ផ្ទះ បង់ក្លាដេស ( តំបន់អាស៊ីខាងត្បូង ), កម្ពុជា ( អាស៊ីអាគ្នេយ៍ ) និង ២ប្រទេសផ្សេងទៀតមកពី តំបន់អាស៊ីខាងត្បូងដូចគ្នា គឺ ម៉ាលឌីវ និងក្រុមមកពីទ្វីបអ៊ឺរ៉ុប ( ហ្វារ៉ូសអាយឡេន )។

ចំពោះលទ្ធផលសរុបទាំង ៣ប្រកួតរបស់ U-16 កម្ពុជា រួមមាន៖

  • ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩៖ ចាញ់ U-16 បង់ក្លាដេស ២ទល់០
  • ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩៖ ស្មើ U-16 ម៉ាលឌីវ ២ទល់២
  • ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩៖ ចាញ់ U-16 ហ្វារ៉ូសអាយឡេន ០ទល់២

ចំពោះក្រុមដែលឈ្នះជើងឯកគឺបានទៅលើម្ចាស់ផ្ទះ U-16 បង់ក្លាដេស ផ្ទាល់បន្ទាប់ពីប្រកួត ៣ដង ឈ្នះទាំង ៣ប្រកួត ខណៈលេខ២ បានទៅលើ U-16 ហ្វារ៉ូសអាយឡេន ក្រោយប្រកួត ឈ្នះ២ និងចាញ់១ លេខ៣ U-16 កម្ពុជា ប្រកួត ៣ដង ស្មើ១ និងចាញ់២ និងលេខ៤ U-16 ម៉ាលឌីវ ប្រកួត ៣ដង ស្មើ១ និងចាញ់២ ដូចគ្នា ប៉ុន្តែរបូតគ្រាប់បាល់ច្រើនជាងកម្ពុជា។

គួររំលឹកផងដែរថា សម្រាប់ព្រឹត្តិការណ៍នេះ គឺផ្ដួចផ្ដើមរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប ( UEFA ) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយជ្រើសរើសយកទឹកដីប្រទេសនៅទ្វីបអាស៊ីជាទីតាំងប្រកួត។ មិនត្រឹមតែជាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍នេះមានគោលបំណង លើកទឹកចិត្តយុវជនទាំងអស់អោយចូលរួមក្នុងការងារ និងការសិក្សារបស់ពួកគេ ខណៈដែលកំពុងប្រកួតតំណាងប្រទេសរបស់ខ្លួន។ ទិដ្ឋភាពសំខាន់មួយទៀតនៃព្រឹត្តិការណ៍នេះ គឺការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ថា នេះជាការចូលរួមព្រឹត្តិការណ៍ថ្មីមួយទៀតហើយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ក្នុងឆ្នាំ២០១៩ នេះទាំងពានរង្វាន់ផ្លូវការ និងក្រៅផ្លូវការ ពោលគឺបានប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំពូល B ប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ, បានចូលរួមប្រកួតក្នុងពានអន្តរជាតិនៅប្រទេសចិន «Jinshan Cup» International Youth Football Championship 2019 ដោយទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៨ក្រុម ផងដែរ។

ពានផ្លូវការចុងក្រោយនេះ ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) ប្រចាំពូល J នៅប្រទេសឡាវ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ បញ្ចប់ទៅដោយឈរនៅលេខ៤ ប្រចាំពូល J នេះ ដោយប្រកួត ៣ដង មិនដែលឈ្នះ និងចាញ់ទាំង ៣ដង មាន ០ពិន្ទុ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស | BFF

អត្ថបទ៖ ណារ៉ុង

មតិយោបល់