ព្រះខ័នរាជស្វាយរៀង លើកពានលីគកំពូលកម្ពុជា រដូវកាល២០១៩ ជាផ្លូវការ

មាស សុផាណារ៉ុង October 20, 2019


 

ស្វាយរៀង៖ ទីបំផុតក្លឹបព្រះខ័នរាជស្វាយរៀង បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិទៅហើយ បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែម ក្រោយយកឈ្នះ ក្រសួងការពារជាតិ (ទ័ព) ដោយលទ្ធផល ៤-២ ក្នុងសប្ដាហ៍ទី២៤ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅកីឡដ្ឋានខេត្តស្វាយរៀង។

គួរដឹងថា ទោះបីនៅសល់ការប្រកួតសន្សំពិន្ទុចំនួន ២សប្ដាហ៍ទៀតក្ដី ប៉ុន្ដែជ័យជម្នះថ្ងៃនេះ គ្រប់គ្រាន់ឲ្យក្រុមលោក Conor Nestor ក្លាយជាម្ចាស់ពាន បន្ទាប់ពីឆ្លងកាត់ ២៤ប្រកួត ឈ្នះ ១៩ និងស្មើ ៥ ដោយមិនស្គាល់ពាក្យចាញ់ម្ដងឡើយ ពោលគឺមាន ៦២ពិន្ទុ នាំមុខដាច់ក្រុមឈរលេខ២ វិសាខាចំនួន ៨ពិន្ទុ។ ដូច្នេះទោះបីលទ្ធផល ២ប្រកួតចុងក្រោយយ៉ាងណា ក៏ព្រះខ័នរាជស្វាយរៀង នៅតែលើកពានដែរ។

ក្រឡេកមកការប្រកួតជើងទី២ នាព្រលប់ថ្ងៃអាទិត្យនេះវិញ ក្រុមទាំងពីរ សុទ្ធតែធ្វើការងារធ្ងន់ដូចគ្នា ដោយវគ្គទី១ ពុំមានការស៊ុតបញ្ចូលទីគ្នាឡើយ។ ចូលវគ្គទី២ កីឡាករ ច្រឹង ពលរដ្ឋ បានស៊ុតគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ តែត្រូវ ហ៊ួយ ផល្លីន និង Privat ស៊ុត ២គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះនាំមុខវិញ មុនកីឡាករ Bisan George ស៊ុតគ្រាប់ទី២ ឲ្យក្រសួងការពារជាតិ។ ប៉ុន្ដែនៅចុងម៉ោងកីឡាករ សឿយ វិសាល និង Privat បានទាត់បំប៉ោងសំណាញ់ទីក្រុមលោក ទេព ឡុងរចនា ម្នាក់ ១គ្រាប់ទៀត ដែលធ្វើឲ្យចប់ការប្រកួតពេញម៉ោង ក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៤-២ និងក្លាយជាម្ចាស់ពានមុនបិទរដូវកាលតែម្ដង។ ចំពោះ ២ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង គឺត្រូវជួបក្រុមអាស៊ីអឺរ៉ុប និងក្រុមណាហ្គាវើលដ៏៕

 

អត្ថបទ៖ បុត្រា

មតិយោបល់