ប្រធានក្លឹបភ្នំពេញក្រោន​ ទទួលបានរង្វាន់ ពលរដ្ឋកិត្តិយស ពីទីក្រុងមួយនៅសហរដ្ឋអាម៉េរិក

នូ មករា October 20, 2019


ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ នៅកីឡដ្ឋាន​ Smart RSN បានប្រារព្ធពិធីប្រគល់រង្វាន់ជា ‌ពលរដ្ឋកិត្តិយស នៃទីក្រុុង Steilacoom រដ្ឋ Washington សហរដ្ឋអាម៉េរិក ជូនចំពោះ លោកឧកញ៉ា ឬទ្ធី សំណាង ដែលជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន​។​ ពិធីនេះមានការចូលរួមពីលោក Ron Lucas អភិបាលក្រុង Steilacoom ផ្ទាល់រួមជាមួយមន្ត្រីក្រោមឱវាទ និងគ្រូបង្វឹកក៏ដូចជាកីឡាករភ្នំពេញក្រោនផងដែរ។


ក្នុងឱកាសនេះ លោក Ron Lucas បានថ្លែងថា៖ «យើងខ្ញុំ មានក្តីសោមនស្ស ចំពោះភាពជោគជ័យរបស់លោកឧកញ៉ាក្នុងការចូលរួមលើវិស័យទេសចរណ៍ ការកម្សាន្ត និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅក្នុងទីក្រុង Steilacoom ។ យើងខ្ញុំ ក៏សូមទទួលស្គាល់លើការខិតខំប្រឹងប្រែងប្រកបដោយថាមពលរបស់លោកក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រជាជនកម្ពុជា ចិន ក៏ដូចជាភ្ញៀវទេសចរណ៍នានានៅជុំវិញពិភពលោក
ប្រកបដោយលទ្ធផលជាវិជ្ជមាន។ ជាពិសេសទស្សនវិស័យលើផ្នែកពាណិជ្ជកម្មរបស់លោកបានជំរុញឱ្យមានភាពជោគជ័យជា
បន្តបន្ទាប់ពិសេសលើការផ្សាភ្ជាប់សក្តានុពលក្នុងតំបន់ដោយបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំៗ។»

លោកបានបន្ថែមថា៖ «អ្វីដែលគួរឱ្យកោតសរសើរនោះគឺ លោកជាពាណិជ្ជករមួយរូបដែលគួរឱ្យគោរពព្រោះក្រៅពីជំនួញ​លោកបានចំណាយធនធានជាច្រើនក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅក្នុងប្រទេសកំណើតដូចដែលយើងខ្ញុំទាំងអស់គ្នាបានឃើញនៅក្លឹបបាល់ទាត់ភ្នំពេញក្រោននាពេលនេះស្រាប់។ 
ដូច្នេះ ក្នុងនាមជាអ្នកតំណាងឱ្យប្រជាជននៃទីក្រុង Steilacoom យើងខ្ញុំ មានកិត្តិយសព្រមទាំងក្តីរីករាយ
ចំពោះលោកដែលទទួលបាននូវរង្វាន់ ពលរដ្ឋកិត្តិយស ដែលស័ក្តិសមចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង
របស់លោកដែលបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដល់ទីក្រុង Steilacoom ព្រមទាំងរដ្ឋ Washington ផងដែរ។»

ជាមួយគ្នានេះ លោក ឧកញ៉ា ឬទ្ធី សំណាង បានលើកឡើងថា​៖ «ខ្ញុំសូមរីករាយស្វាគមន៍ដ៏កក់ក្តៅចំពោះវត្តមានរបស់លោក Ron Lucas និងមន្ត្រីនានានៃទីក្រុង Steilacoom ហើយសូមជម្រាបថា ក្នុងនាមជាជនជាតិខ្មែរមួយរូបខ្ញុំពិតជាមានកិត្តិយសដ៏ធំធេងក្នុងការទទួលបាននូវរង្វាន់នេះ ព្រោះក្រៅពីមោទកភាព វាជាសញ្ញាបញ្ជាក់អំពីទំនាក់ទំនងជាវិជ្ជមានរវាងប្រជាជននៃប្រទេសទាំងពីរពិសេសចំពោះរូបខ្ញុំផ្ទាល់ និងប្រជាជននៃទីក្រុង Steilacoom តែម្តង។ ខ្ញុំក៏សូមប្តេជ្ញាថា ​នឹងរក្សានូវទំនាក់ទំនងល្អនេះដើម្បីពង្រឹងសក្តានុពល ក៏ដូចជាការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និងមនុស្សធម៌ផងដែរ។»

សូមបញ្ជាក់ថា ពិធីបានបញ្ចប់ដោយភាពរីករាយព្រមទាំងមានការប្រគលើជូនលិខិតសរសើរពីលោកអភិបាលក្រុង Steilacoom និងការជូនវត្ថុអនុស្សាវរីយ៍ពីសណាក់លោកឧកញ៉ាឬទ្ធី សំណាង​ ផងដែរ៕


មតិយោបល់