គ្រូវិសាខា រំពឹងអាចជម្រះបញ្ជី អាស៊ីអឺរ៉ុបយូណាយធីត បានវិញថ្ងៃអាទិត្យនេះ

មាស សុផាណារ៉ុង October 19, 2019


 

ភ្នំពេញ៖ លោក Akeeb Tunji Ayoyinka គ្រូបង្វឹកស្ដីទីរបស់វិសាខា បានបង្ហាញជំហរត្រៀមខ្លួនរួចរាល់ ដើម្បីសងសឹកជាមួយក្រុមអាស៊ីអឺរ៉ុប ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា នារសៀលថ្ងៃទី២០ ខែតុលាចុងសប្ដាហ៍នេះ នៅកីឡដ្ឋាន AEU Sport Part ខណៈកាលពីជើងទី១ អាស៊ីអឺរ៉ុប បានយកឈ្នះ ៣-១ ក្រៅដី។

លោក Tunji បានអះអាងថា ក្រុមរបស់ខ្លួនបានធ្វើការយ៉ាងខ្លាំង អំឡុងពេលសម្រាកជិត ១ខែ ដើម្បីស្វាគមន៍ការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី២៤ ពិសេសត្រៀមជួបក្រុមអាស៊ីអឺរ៉ុប ដែលធ្វើឲ្យក្រុមខ្លួនរបូត ៣ពិន្ទុក្នុងដី កាលពីជើងទី១។ លោកថា៖ «ពួកយើងត្រៀមរួចរាល់ហើយ ព្រោះពួកយើងបានចាញ់ពួកគេក្នុងដី កាលពីជើងទី១។ ហេតុនេះហើយ យើងត្រូវការខំប្រឹងខ្លាំង ដើម្បីដណ្ដើមជ័យជម្នះ ៣ពិន្ទុមកវិញ។»

គ្រូស្ដីទីរូបនេះ បន្ដថា «លីគកំពូលកម្ពុជាឆ្នាំនេះ មានការប្រកួតប្រជែងខ្លាំងជាងមុន។ ពួកយើងមិនអាចប្រកួត ដោយខ្វះខាតការប្រឹងហាត់បានទេ ព្រោះពួកគេជាក្រុមល្អ និងមានគ្រូបង្វឹកមានបទពិសោធន៍ ហើយយើងក៏ដឹងដែរ ជើងទី១ ពួកយើងចាញ់ពួកគេ។ ដូច្នេះយើងមិនចង់បង្កើតកំហុសបែបនេះម្ដងទៀតទេ។ ហេតុនេះយើងត្រូវរំឮកខ្លួនឯង ត្រូវដណ្ដើមយកជ័យជម្នះឲ្យខានតែបាន…ដើម្បីរក្សាចំណាត់ថ្នាក់លេខ២ ក្នុងរដូវកាលនេះ។»

គេនៅចាំបានថា កាលពីជើងទី១ វិសាខា បានធ្វើឲ្យអ្នកគាំទ្រខកចិត្តជាខ្លាំង បន្ទាប់ពីនាំមុខអាស៊ីអឺរ៉ុប ១គ្រាប់មុន តែបែជាត្រូវក្រុមភ្ញៀវវាយបកយកឈ្នះ ៣-១ វិញ។ តែក្នុងចំណោមគ្រាប់បាល់ជ័យជម្នះ ៣គ្រាប់របស់អាស៊ីអឺរ៉ុប គឺមាន ២គ្រាប់រកបានដោយកីឡាករ Ajayi Opeyeni Korede ខណៈបច្ចុប្បន្នរូបគេ បានផ្ទេរមកលេងឲ្យវិសាខាហើយ។ ដូច្នេះថ្ងៃអាទិត្យនេះ គឺជំនួបដ៏តានតឹងមួយ សម្រាប់ Ajayi ដែលត្រូវប៉ះក្រុមចាស់របស់ខ្លួន។

គួរដឹងថា បច្ចុប្បន្នវិសាខា កំពុងឈរលេខ២ និងមាន ៥១ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង គឺក្រុមព្រះខ័នរាជស្វាយរៀងចំនួន ៨ពិន្ទុ ។ ដូច្នេះឱកាសប្រជែងជើងឯកសម្រាប់វិសាខា ស្ទើរតែគ្មាននោះទេ គឺនៅសល់តែឱកាសប្រជែងយកលេខ២ ប៉ុណ្ណោះ ខណៈក្រុមនីមួយៗ នៅសល់ ៣ប្រកួតក្នុងដៃរៀងៗខ្លួន។ ចំណែកក្រុមអាស៊ីអឺរ៉ុបវិញ កំពុងឈរលេខ៩ និងមាន ៣១ពិន្ទុក្នុងដៃប៉ុណ្ណោះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់