គីរីវង់ បញ្ចប់កុងត្រាអ្នកចាំទីម្នាក់ មុនប៉ះអង្គរថាយហ្គឺររសៀលនេះ

មាស សុផាណារ៉ុង October 19, 2019


 

ភ្នំពេញ៖ ក្លឹបគិរីវង់សុខសែនជ័យ បានសម្រេចបញ្ចប់កុងត្រាអ្នកចាំទី អឿន សំអាត មុនការកំណត់ភ្លាមៗ បន្ទាប់ពីកីឡាកររូបនេះ មិនគោរពវិន័យ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹប ស្របពេលគិរីវង់ ត្រូវបើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ ក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី២៤ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់ក្នុងសេចក្ដីជូនដំណឹង មូលហេតុនាំឲ្យគិរីវង់ បញ្ចប់កុងត្រាកីឡាករ អឿន សំអាត បែបនេះ ដោយសាររូបគេមិនគោរពវិន័យក្នុងក្លឹប ហើយក្លឹបក៏សម្រេចបញ្ចប់កិច្ចសន្យាដោយផ្នែកត្រង់ចំណុចទី៩ នៃកិច្ចសន្យាដែលបានចែងថា ភាគី “កីឡាករ” មានកំហុសចំពោះការប្រព្រឹត្តធ្ងន់ធ្ងរ មិនកែខ្លួន ភាគី “ក្លឹបគិរីវង់សុខសែនជ័យ” នឹងបញ្ឈប់កិច្ចសន្យា ភាគី “កីឡាករ” នោះ។

គួរដឹងថា បច្ចុប្បន្នគិរីវង់ កំពុងឈរលេខ៨ និងមាន ៣១ពិន្ទុ បើគិតត្រឹមសប្ដាហ៍ទី២៣ ដោយលទ្ធផល ២៣ប្រកួតឈ្នះ ១០ ស្មើ១ និងចាញ់ ១២ ក្នុងនោះក៏មានការរួមចំណែកច្រើនពីអ្នកចាំទី អឿន សំអាត ផងដែរ ។ ដោយឡែកនាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ គិរីវង់នឹងត្រូវបើកទ្វារផ្ទះ ដើម្បីសងសឹកក្រុមអង្គរថាយហ្គឺរវិញម្ដង បន្ទាប់ពីបរាជ័យ ២-០ ក្រៅដីកាលពីជើងទី១៕

 

រូបភាព៖ គិរីវង់សុខសែនជ័យ

អត្ថបទ៖ បុត្រា

មតិយោបល់