ជម្រើសជាតិហ្វូតសាលកម្ពុជា ធ្វើពុំសូវបានល្អក្នុងជំរំហ្វឹកហាត់នៅថៃ មុនការប្រកួតជើងឯកអាស៊ាន នៅវៀតណាម

មាស សុផាណារ៉ុង October 18, 2019


 

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា ដែលបានចេញដំណើរទៅបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីជាការត្រៀមសម្រាប់ពានរង្វាន់បាល់ទាត់ហ្វូតសាលជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) នៅប្រទេសវៀតណាម នាចុងខែតុលា ហាក់ធ្វើពុំសូវបានល្អ សម្រាប់ការប្រកួតកម្ដៅសាច់ដុំ ដ្បិតរងបរាជ័យទាំង ៣ប្រកួត។

ការចេញទៅបោះជំរុំហ្វឹកហាត់នេះផងដែរ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា មានការប្រកួតកម្ដៅសាច់ដុំចំនួន ៣ប្រកួត ជាមួយក្រុមនៅក្នុងប្រទេសថៃ ពោលគឺចាញ់ទាំង ៣ប្រកួត៖

  • ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ប្រកួតជាមួយក្រុម Kasem Bundit Uni រងបរាជ័យ ៥-០
  • ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ប្រកួតជាមួយ Rajnavy FC រងបរាជ័យ ៤-៣
  • ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ប្រកួតជាមួយក្រុម Port FC  រងបរាជ័យ ៣-១

សូមរំឮកថា ពានរង្វាន់ AFF Futsal Championship 2019 ដែលវៀតណាមទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលាខាងមុខ ដោយក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូល B មានក្រុមឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ដ្រាលី និងក្រុមម្ចាស់ផ្ទះវៀតណាម។

នេះជាឆ្នាំទី២ ហើយដែលកម្ពុជា ត្រលប់មកចូលរួមពានរង្វាន់នេះជាថ្មី ក្រោយខកខានអស់ជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មក។ រំលឹកទៅឆ្នាំកន្លងទៅ កម្ពុជា បានបញ្ចប់ទៅដោយស្ថិតនៅបាតតារាង ក្នុងពូល A ដែលមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងការប្រកួត ៣ដង ចាញ់ទាំង ៣ដង និងរបូតគ្រាប់បាល់ដល់ទៅ ៣៤គ្រាប់ ហើយទាត់បញ្ចូលទីគូប្រកួតបាន ២គ្រាប់ប៉ុណ្ណោះ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់