Conor Nestor ថា៖ «គ្រប់ក្រុមទាំងអស់នៅតែចិញ្ចឹមចង់ឈ្នះព្រះខ័នរាជស្វាយរៀង ដើម្បីបញ្ឈប់កំណត់ត្រាមិនដែលចាញ់»

មាស សុផាណារ៉ុង October 18, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកឡើងថា គ្រប់ក្រុមទាំងអស់នៅតែចិញ្ចឹមចង់ឈ្នះក្រុមរបស់ខ្លួន ដើម្បីបញ្ឈប់កំណត់ត្រាមិនដែលចាញ់ ចាប់តាំងពីបើករដូវកាល២០១៩ មក នៃលីគកំពូលកម្ពុជា។

ថ្លែងបែបនេះ គឺនៅមុនពេល ព្រះខ័នរាជស្វាយរៀង ត្រូវទទួល ក្រសួងការពារជាតិ ក្នុងជំនួបសប្ដាហ៍ទី២៤ នៃលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ នាកីឡដ្ឋានស្វាយរៀង ហើយក៏ជាការប្រកួតដែលអាចកាត់សេចក្ដីថានឹងលើកពានតែម្ដង ដ្បិត ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះតែមួយប្រកួតនេះទៀតតែប៉ុណ្ណោះ។

និយាយមុនការប្រកួតមកដល់ លោក Conor Nestor បានលើកឡើងថា៖ «យើងរួចរាល់ តែក៏មិនប្រាកដថាតើកីឡាកររបស់យើងនឹងអាចមានវត្តមាន ពីព្រោះយើងកំពុងតែពិនិត្យមើលផងដែរកីឡាករមកពីក្រុមជម្រើសជាតិ រួចរាល់ដើម្បីការប្រកួតឬក៏អត់។ យ៉ាងណាមិញ សុខ សំណាង មិនអាចចូលប្រកួតបានឡើយដោយសារជាប់ពិន័យ។»

«អ្នកតែងតែចង់មានកីឡាករឆ្នើមរួចរាល់សម្រាប់ការប្រកួត ប៉ុន្តែនេះគឺជាបាល់ទាត់អ្នកត្រូវតែសម្របខ្លួនទៅនឹងរឿងនេះ។ ជំនឿរបស់ខ្ញុំលើកីឡាកររបស់យើង គឺជាអ្វីដែលតែងតែកើតឡើង ខ្ញុំមានជំនឿជឿជាក់ថាពួកគេនឹងផ្តល់អ្វីៗគ្រប់យ៉ាងសម្រាប់ក្រុមរបស់យើង។ ក្តីសង្ឃឹមរបស់យើង គឺធ្វើការងាររបស់យើង និងធ្វើឲ្យអ្នកគាំទ្ររបស់យើងសប្បាយរីករាយ។» លោក Conor បានបន្ថែម។

នៅពេលចោទសួរជុំវិញទម្រង់លេងរបស់គូប្រជែង ក្រសួងការពារជាតិ ហាក់មានការធ្លាក់ចុះបន្តិចនាប៉ុន្មានប្រកួតចុងក្រោយ អាចជាគុណសម្បត្តិសម្រាប់ក្រុមឬយ៉ាងណា? គ្រូបង្វឹកសញ្ជាតិអៀរឡង់ ដដែលរូបនេះបានឆ្លើយតបថា៖ «ក្រសួងការពារជាតិ នឹងកាន់តែជម្រុញទឹកចិត្តរបស់គេនៅថ្ងៃអាទិត្យនេះ ក្រុមទាំងអស់ដែលយើងបានលេងនៅជុំទី២ មានការតាំងចិត្តខ្ពស់ ពីព្រោះគ្រប់ក្រុមទាំងអស់សុទ្ធតែចង់ក្លាយជាក្រុមដែលធ្វើឲ្យកំណត់ត្រាប្រកួតមិនដែលចាញ់របស់យើងឈានដល់ទីបញ្ចប់។ យើងត្រូវបង្ហាញថាកម្លាំងចិត្តរបស់យើង គឺខ្លាំងដូចកាលពី ៣១ប្រកួតមុន នៅពេលដែលកំណត់ត្រាមិនដែលចាញ់នេះបានចាប់ផ្តើម ( រាប់ចាប់តាំងពីរដូវកាលមុន )។»

សម្រាប់ជំនួបរវាង ព្រះខ័នរាជស្វាយរៀង ជាមួយ ក្រសួងការពារជាតិ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នាកីឡដ្ឋានស្វាយរៀង វេលាម៉ោង ៦:០០ នាទីល្ងាច ខណៈកាលពីជើងទី១ នៅកីឡដ្ឋានស្តាតចាស់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រសួងការពារជាតិ ដោយលទ្ធផល ១ទល់២ ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់