MY-TV ទទួលបានសិទ្ធិផ្សាយផ្ទាល់ វគ្គជម្រុះ AFC U-19 Championship 2022 នៅកម្ពុជា ដើមខែក្រោយ

មាស សុផាណារ៉ុង October 17, 2019


 

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ស៊ីថូ ណាថាន់ ប្រធានផ្នែកកីឡាក្រុមហ៊ុន CBS (CTN, CNC MY-TV) បានឲ្យដឹងថា ប៉ុស្ដិ៍ MY-TV បានទទួលសិទ្ធិផ្សាយផ្ទាល់ការប្រកួតពានរង្វាន់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ (2020 AFC U-19 Championship) ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះពូល G ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ។

លោក ស៊ីថូ ណាថាន់ បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «ជិតបានសប្បាយភ្នែក ហ៊ោពេញស្ដាតទៀតហើយ! MYTV ផ្សាយផ្ទាល់ជើងឯកយុវជនអាស៊ីដើមខែវិច្ឆិកានេះ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើ ក្រុមគោព្រៃជំទង់កម្ពុជា គឺស្ថិតក្នុងពូល G ជាមួយក្រុម U-19 ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ និងក្រុមកោះម៉ារីណាខាងជើង។

ចំពោះប្រកួតបើកឆាកក្រុម U-19 កម្ពុជា នឹងត្រូវជួបម៉ាឡេស៊ីមុនគេ នាថ្ងៃទី០២-វិច្ឆិកា មុនជួបកោះម៉ារីណាខាងជើង នៅថ្ងៃទី០៤-វិច្ឆិកា និងជួបថៃ នៅថ្ងៃទី០៨-វិច្ឆិកា ខណៈប្រកួតចុងក្រោយ ប៉ះក្រុមប្រ៊ុយណេ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩៕

 

អត្ថបទ៖ បុត្រា

មតិយោបល់