SEA Games៖ គ្រូ U-22 មីយ៉ាន់ម៉ា បញ្ជាក់ថារឿងពូលបែបណាមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺការរៀបចំក្រុម

មាស សុផាណារ៉ុង October 17, 2019


 

ម៉យ៉ាន់ម៉ា៖ ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ២២ឆ្នាំ ត្រូវបានចាប់ពូលចូល A ដែលត្រូវរួមដំណើរជាមួយ កម្ពុជា, ហ្វីលីពីន, ម៉ាឡេស៊ី និងទីម័រខាងកើត ប្រកួតជម្រុះគ្នា ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់។

ជាមួយគ្នាផងដែរ គ្រូបង្វឹកនៃក្រុម U-22 មីយ៉ាន់ម៉ា លោក Velizar Popov បានបញ្ជាក់ថារឿងពូលបែបណាមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺការរៀបចំរបស់ក្រុមបានល្អប៉ុនណ្ណា។

ថ្លែងជាមួយសារព័ត៌មានមីយ៉ាន់ម៉ា គ្រូបង្វឹកសញ្ជាតិប៊ុលហ្គារីរូបនេះ បាននិយាយថា៖ «ការចាប់ពូលជួបក្រុមបែបណាមិនមែនជារឿងសំខាន់នោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ថាតើក្រុមមួយត្រូវបានរៀបចំ នឹងហ្វឹកហាត់បានយ៉ាងដូចម្តេច។ ប្រសិនបើយើងរៀបចំបានល្អយើងនឹងមានសមត្ថភាពប្រកួតប្រជែងបានល្អជាមួយក្រុមណាៗទាំងអស់។»

«ទោះបីជាគោរពគូប្រជែងទាំងអស់ក៏ដោយ យើងនឹងមិនភ័យខ្លាច ហើយយើងនឹងព្យាយាមឆ្លងផុតវគ្គចែកពូល។ ទោះយ៉ាងណាក៏ដោយ វាចាំបាច់ត្រូវផ្តោតលើការប្រកួតបើកឆាករបស់យើង ជាមួយម៉ាឡេស៊ី និងឈ្នះការប្រកួត។» លោក Velizar Popov បានបន្ថែម។

ចាំបានថា នៅពូលជាមួយ មីយ៉ាន់ម៉ា គឺជាការជួបគ្នាសារជាថ្មីដ្បិតក្រុមនេះធ្លាប់ស្ថិតនៅក្នុងពូលជាមួយកម្ពុជា កាលពីប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយកម្ពុជា បានយកឈ្នះដោយលទ្ធផល ២ទល់០ ផងដែរ។

២ គ្រាប់របស់កម្ពុជា នៅគ្រានោះរកបានដោយកីឡាករ យ៊ើ សាហ្វី មួយគ្រាប់ និងមួយគ្រាប់ទៀតទាត់បញ្ចូលទីដោយកីឡាករ ស៊ិន សុផាណាត នៅចំពោះមុខទស្សនិកជន ៨,១២៨នាក់ នាពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

គួររំលឹកថា យោងតាមលទ្ធផលនៃការចាប់ឆ្នោត ដែលធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះបានបង្ហាញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងស្ថិតនៅពូល A ជាមួយប្រទេសខ្លាំងៗចំនួន ៤ ដែលមានដូចជាម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ដោយឡែកពូល B វិញរួមមានថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និងព្រុយណេ។

សូមបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមមុនពិធីបើកផ្លូវការមកដល់ ពៅលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។ ក្នុងព្រឹត្តិការណ៍ដដែលនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ហើយកីឡដ្ឋានទាំងនេះ សុទ្ធតែមានទីលានជាស្មៅសិប្បនិមិត្ត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់