U-16 កម្ពុជា បើកឆាកចាញ់ម្ចាស់ផ្ទះ U-16 បង់ក្លាដេស ពានរង្វាន់អន្តរជាតិ UEFA Assist U16 Development Tournament 2019

មាស សុផាណារ៉ុង October 17, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ បានប្រកួតបើកឆាកចាញ់ម្ចាស់ផ្ទះបង់ក្លាដេស ក្នុងពានរង្វាន់អន្តរជាតិមួយ ដែលមានឈ្មោះថា «UEFA Assist U16 Development Tournament 2019» ធ្វើឡើងនៅប្រទេសតំបន់អាស៊ីភាគខាងត្បូង នេះផ្ទាល់តែម្ដង កាលពីថ្ងៃទី១៦ តុលា ម្សិលមិញ។

ពានរង្វាន់ដដែលខាងលើនេះ គឺបានចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងដាកា ដោយមានការចូលរួមពីក្រុមចំនួន ៤មកពីតំបន់ផ្សេងៗពីគ្នា រួមមានម្ចាស់ផ្ទះ បង់ក្លាដេស ( តំបន់អាស៊ីខាងត្បូង ), កម្ពុជា ( អាស៊ីអាគ្នេយ៍ ) និង ២ប្រទេសផ្សេងទៀតមកពី តំបន់អាស៊ីខាងត្បូងដូចគ្នា គឺ ម៉ាលឌីវ និងក្រុមមកពីទ្វីបអ៊ឺរ៉ុប ( ហ្វារ៉ូសអាយឡេន )។

ចំពោះលទ្ធផល គឺបញ្ចប់ទៅម្ចាស់ផ្ទះ U-16 បង់ក្លាដេស យកឈ្នះ U-16 កម្ពុជា ដោយលទ្ធផល ២ទល់០ ក្នុងនោះគ្រាប់បាល់ទាំងពីរគ្រាប់រកបាននៅវគ្គទី២ នានាទី ៤៩ និងនៅនាទី៩០+៣។ ដោយឡែកលទ្ធផលរវាង U-16 ម៉ាលឌីវ ​ជាមួយ U-16 ហ្វារ៉ូសអាយឡេន គឺ ហ្វារ៉ូសអាយឡេន ឈ្នះ ១០ទល់៣។

កម្មវីធីប្រកួតបន្ទាប់គឺ U-16 កម្ពុជា ត្រូវប៉ះ U-16 ម៉ាលឌីវ ខណៈ U-16 បង់ក្លាដេស ប្រកួតជាមួយ U-16 ហ្វារ៉ូសអាយឡេន នៅថ្ងៃទី១៨ ខែតុលា ស្អែកនេះ។

គួររំលឹកផងដែរថា សម្រាប់ព្រឹត្តិការណ៍នេះ គឺផ្ដួចផ្ដើមរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប ( UEFA ) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយជ្រើសរើសយកទឹកដីប្រទេសនៅទ្វីបអាស៊ីជាទីតាំងប្រកួត។ មិនត្រឹមតែជាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍នេះមានគោលបំណង លើកទឹកចិត្តយុវជនទាំងអស់អោយចូលរួមក្នុងការងារ និងការសិក្សារបស់ពួកគេ ខណៈដែលកំពុងប្រកួតតំណាងប្រទេសរបស់ខ្លួន។ ទិដ្ឋភាពសំខាន់មួយទៀតនៃព្រឹត្តិការណ៍នេះ គឺការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះផងដែរ។

សូមបញ្ជាក់ថា នេះជាការចូលរួមព្រឹត្តិការណ៍ថ្មីមួយទៀតហើយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ក្នុងឆ្នាំ២០១៩ នេះទាំងពានរង្វាន់ផ្លូវការ និងក្រៅផ្លូវការ ពោលគឺបានប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំពូល B ប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ, បានចូលរួមប្រកួតក្នុងពានអន្តរជាតិនៅប្រទេសចិន «Jinshan Cup» International Youth Football Championship 2019 ដោយទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៨ក្រុម ផងដែរ និងចុងក្រោយនេះ ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំទ្វីបអាស៊ី វគ្គជម្រុះ ( AFC U16 Championship 2020 Qualifiers ) ប្រចាំពូល J នៅប្រទេសឡាវ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ បញ្ចប់ទៅដោយឈរនៅលេខ៤ ប្រចាំពូល J នេះ ដោយប្រកួត ៣ដង មិនដែលឈ្នះ និងចាញ់ទាំង ៣ដង មាន ០ពិន្ទុ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស

អត្ថបទ៖ ណារ៉ុង

មតិយោបល់