ធារី ចន្ថាប៊ីន យល់ឃើញដូចម្ដេច ក្រោយការដឹកនាំជាង ១ឆ្នាំរបស់ Honda និង Felix?

មាស សុផាណារ៉ុង October 17, 2019


 

ភ្នំពេញ៖ មកទល់ពេលនេះ លោក Keisuke Honda និងលោក Felix G.Dalmas បានចំណាយពេល ១ឆ្នាំ និង ២ខែហើយ ក្នុងការដឹកនាំក្រុមជម្រើសជាតិកម្ពុជា។ ចំពោះលទ្ធផលវិញ មានល្អប្រសើរខ្លះ ហើយមិនល្អខ្លះ តែជារួមប្រមុខថ្នាក់ដឹកនាំក្រុមគោព្រៃទាំងពីរ ហាក់មិនសូវផ្ដោតលើលទ្ធផល ហើយរឹតតែមិនដាក់សម្ពាធលើកូនក្រុម ដ្បិតគោលដៅសំខាន់របស់ខ្លួន គឺចង់ឃើញក្រុមជម្រើសជាតិកម្ពុជារីកចម្រើននាថ្ងៃអនាគត។

ជាមួយសមិទ្ធផល ក្រោមការដឹកនាំរយៈពេលជាង ១ឆ្នាំរបស់អតីតកីឡាករជម្រើសជាតិជប៉ុន និងបុរសជនជាតិអាហ្សង់ទីនខាងលើ ត្រូវបានកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន មានសុទិដ្ឋិនិយមខ្ពស់ បន្ទាប់ពីរូបគេ បានមើលឃើញនូវការរីកចម្រើនរបស់ក្រុមគោព្រៃកម្ពុជា ហើយ ធារី បន្ដជំរុញមិត្តរួមក្រុម និងកីឡាករទាំងអស់ ត្រូវបន្ដរៀនសូត្រឲ្យបានច្រើនពីបុរសធ្លាប់មានបទពិសោធន៍ជោគជាំក្នុងនាមជាកីឡាករអន្ដរជាតិទៀតផង។

កីឡាករកំពុងលេងឲ្យក្លឹប Terenggu FC នៅម៉ាឡេស៊ីរូបនេះ និយាយថា៖ «តាមខ្ញុំគិត ពេលគ្រូ Honda និងគ្រូ Felix ចូលរួម ក្រុមជម្រើសជាតិយើងរីកចម្រើនខ្លាំង ព្រោះគាត់មានបទពិសោធន៍ច្រើន ក្នុងការលេងនៅលើឆាកអន្ដរជាតិ។ អញ្ចឹងយើងជាកីឡាករ យើងត្រូវរៀនពីគាត់ឲ្យបានច្រើន ពីព្រោះយើងដឹង ពួកគាត់ជាកីឡាករមុន យើងគោរពគាត់ឲ្យខ្លាំង និងអភិវឌ្ឍន៍ឲ្យខ្លាំង ដោយព្យាយាមរៀនពីគាត់ ដូចជាបច្ចេកទេស និងតាក់ទិចជាដើម។»

សូមរំឮកថា លោក Honda ត្រូវបានសហព័ន្ធប្រកាសតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្របពេលលោក Felix ត្រូវបានតែងតាំងជាគ្រូបង្វឹក។ រយៈពេលជាង ១ឆ្នាំ លោកបានដឹកនាំក្រុមជម្រើសជាតិ ក៏ដូចជាក្រុម U22 និង U23 ចូលរួមប្រកួតព្រឹត្តិការណ៍ធំៗ និងជួបក្រុមខ្លាំងៗជាច្រើន។

តែលទ្ធផលល្អប្រសើរបំផុត គឺលោកបានជួយក្រុម U22 កម្ពុជា ជាប់លេខ៤ លើកដំបូង ក្នុងពាន AFF U22 Championship 2019 នៅកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់