U-22 ម៉ាឡេស៊ី គ្រោងបញ្ចូលកីឡាករលើសអាយុពីរនាក់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

មាស សុផាណារ៉ុង October 16, 2019


 

ម៉ាឡេស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ២២ឆ្នាំ ត្រូវបានចាប់ពូលចូល A ដែលត្រូវរួមដំណើរជាមួយ កម្ពុជា, ហ្វីលីពីន, មីយ៉ាន់ម៉ា និងទីម័រខាងកើត ប្រកួតជម្រុះគ្នា ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើប្រភេទកីឡាបាល់ទាត់។

ជាមួយគ្នាផងដែរ យោងតាមការចេញផ្សាយនៅលើសារព័ត៌មានរបស់ម៉ាឡេស៊ី បានបញ្ជាក់ថាក្រុមនេះគ្រោងនឹងបញ្ចូលកីឡាករលើសអាយុ ២២ឆ្នាំ ពីរនាក់ ដើម្បីជួយក្រុមប្រជែងមេដាយមាស ដែលខ្លួនស្ទើរតែធ្វើបាន កាលពីឆ្នាំ២០១៧ គ្រាទទួលរៀបចំធ្វើម្ចាស់ផ្ទះ។

សារព័ត៌មានដដែលបានបញ្ជាក់ថា គ្រូបង្វឹក លោក Ong Kim Swee នឹងមានកីឡាករយ៉ាងតិច ៦នាក់ មកពីក្រុមឈុតធំ ដែលបានបន្តការហ្វឹកហាត់ជាមួយក្រុម រួមមានកីឡាករ Dominic Tan, Syahmi Safari, Syamer Kutty Abba, Danial Amier Norhisham, Akhyar Rashid និង Safawi Rasid។

លោក Ong Kim Swee ត្រូវបានគេរំពឹងថានឹងសម្លឹងលើខ្សែការពារ នៅពេលនិយាយដល់ការជ្រើសរើសកីឡាករលើសអាយុ ២២ឆ្នាំ ទាំង ២នាក់នោះ ( ដែលត្រូវបានអនុញ្ញាតិនៅស៊ីហ្គេម  ) ក្នុងចំណោមកីឡាករ ២០នាក់ដែលត្រូវធ្វើដំណើរទៅទីក្រុងម៉ានីល។

គ្រូបង្វឹករូបនេះបានលើកឡើងថា៖ «រាល់ការប្រកួតទាំងអស់ មានក្រុមងាយៗដូចអ្វីដែលយើងបានឃើញនៅថ្ងៃនេះ។ ប៉ុន្តែក្រុមនៅពូល B នឹងផ្តល់នូវការប្រកួតប្រជែងដ៏ខ្លាំងមួយនៅក្នុងវគ្គចាញ់ធ្លាក់។ ដូច្នេះយើងមិនអាចគិតអំពីការឈ្នះមេដាយមាសនៅឡើយទេ។ ផ្ទុយទៅវិញយើងនឹងផ្តោតលើការជម្រុះក្នុងពូល។ ការឈ្នះមេដាយគឺជាគោលដៅរបស់យើង ប៉ុន្តែដំបូងយើងផ្តោតលើក្រុមក្នុងពូលសិន។»

ជុំវិញការជ្រើសរើសកីឡាករលើសអាយុពីរនាក់ចូលក្រុម លោក Ong Kim Swee បានបញ្ជាក់ថា៖ «ខ្ញុំនឹងសម្រេចចិត្តតែលើកីឡាករលើសអាយុពីរនាក់ប៉ុណ្ណោះ បន្ទាប់ពីក្រុមជម្រើសជាតិឈុតធំប្រកួតជាមួយឥណ្ឌូនេស៊ី បន្ទាប់មកខ្ញុំអាចមើលឃើញថាកីឡាករណាដែលអាចចូលរួមបាន។ ក៏មានកីឡាករអាយុក្រោម ២២ឆ្នាំផងដែរដូចជា Safawi និង Syamer Kutty ដែលកំពុងនៅជាមួយក្រុមជម្រើសជាតិឈុតធំ ហើយយើងត្រូវមើលថាតើពួកគេមានសភាពយ៉ាងដូចម្តេចបន្ទាប់ពីនោះ។»

គួររំលឹកថា យោងតាមលទ្ធផលនៃការចាប់ឆ្នោត ដែលធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះបានបង្ហាញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងស្ថិតនៅពូល A ជាមួយប្រទេសខ្លាំងៗចំនួន ៤ ដែលមានដូចជាម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ដោយឡែកពូល B វិញរួមមានថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និងព្រុយណេ។

សូមបញ្ជាក់ថា ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមមុនពិធីបើកផ្លូវការមកដល់ ពៅលពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។ ក្នុងព្រឹត្តិការណ៍ដដែលនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ហើយកីឡដ្ឋានទាំងនេះ សុទ្ធតែមានទីលានជាស្មៅសិប្បនិមិត្ត៕

 

រូបភាព៖ NSTP/File pic | thestar

អត្ថបទ៖ ណារ៉ុង

មតិយោបល់