លីគកំពូលកម្ពុជា ត្រលប់មកវិញថ្ងៃនេះ សូលទីឡូ ប៉ះ សាលាបាល់ទាត់បាទី មុនកាលបរិច្ឆេទ

មាស សុផាណារ៉ុង October 16, 2019


 

ភ្នំពេញ៖ ការប្រកួត​ដណ្ដើម​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ( Metfone Cambodian League ) នឹង​ត្រលប់​មកវិញ​ភ្លាមៗ នៅ​សប្ដាហ៍​នេះ បន្ទាប់ពី​បេសកកម្មរបស់ក្រុម​ជម្រើស​ជាតិ​កម្ពុជា បានបញ្ចប់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជាមួយអ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ នាដើមខែតុលា នេះ។

យោងតាម​កាលវិភាគ​ដែល​ចេញ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ( CNCC ) ​លី​គ​កំពូល​កម្ពុជា នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០១៩ ដោយចាប់ផ្ដើមជាមួយគូដំបូង សូលទីឡូអង្គរ ត្រូវជួបប្រកួតជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី ប៉ុន្តែការប្រកួតនេះជាការប្រកួនមុនកាលបរិច្ឆេទ ប្រកួតសម្រាប់សប្ដាហ៍ទី២៦ ដោយសារតែសប្ដាហ៍ទី២៦ ដែលធ្វើឡើងនៅដើមខែវិច្ឆិកា នោះគឺចំពេលដែល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ត្រូវប្រកួតជម្រុះជើងឯកយុវជនអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) ហើយភាគច្រើនជាកីឡាករយុវជនពីសាលាបាល់ទាត់ជាតិនេះផ្ទាល់តែម្ដង ដូចនេះទើប​ គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សម្រេចលើកមកប្រកួតថ្ងៃនេះតែម្ដង។

សម្រាប់ការប្រកួតដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៦ នេះ រវាងក្រុមទាំងពីរ គឺធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀល នាកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ )។

យ៉ាងណាមិញបន្ទាប់ពីការប្រកួតរវាងក្រុមទាំងពីរនេះ ខណៈជាមួយគ្នាផងដែរ ការប្រកួតសប្ដាហ៍ទី២៤ នឹងបន្តនៅចុងសប្ដាហ៍ ដែលគួរឲ្យចាប់អារម្មណ៍នៅសប្ដាហ៍នេះ គឺព្រះខ័នរាជស្វាយរៀង ត្រូវទទួល ក្រសួងការពារជាតិ ដ្បិតការប្រកួតនេះ បើព្រះខ័នរាជស្វាយរៀង ឈ្នះ នោះនឹងលើកពានរង្វាន់លីគកំពូលកម្ពុជា តែម្ដង ដ្បិតពិន្ទុបានដាច់ពីក្រុមលេខ២ វិសាខា ដល់ទៅ ៨ពិន្ទុ។

សម្រាប់ការប្រកួតសប្ដាហ៍ទី២៤ រួមមាន ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩៖

  • គីរីវង់សុខសែនជ័យ Vs អង្គរថាយហ្គឺរ
  • ភ្នំពេញក្រោន Vs អគ្គិសនីកម្ពុជា
  • ណាហ្គាវើលដ៍ Vs សាលាបាល់ទាត់ជាតិបាទី

ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩៖

  • សូលទីឡូអង្គរ Vs កំពង់ចាម
  • ព្រះខ័នរាជស្វាយរៀង Vs ក្រសួងការពារជាតិ
  • អាស៊ីអឺរ៉ុបយូណាយធីត Vs វិសាខា
  • បឹងកេត Vs អគ្គស្នងការដ្ឋាននគរបាលជាតិ

សូម​បញ្ជាក់​ថា លី​គ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការប្រកួត​កាលពី​ពាក់កណ្ដាល​ខែមីនា ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ​នេះ ដោយក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នឹង​ទទួល​បាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ ផ្ទាល់​តែម្ដង៕

 

រូបភាព៖ Soltilo Angkor FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់