លោក Felix Dalmas៖ «…វាពិតជារឿងដ៏ល្អដែលយើងអាចវាស់ស្ទង់សមត្ថភាពជាមួយក្រុមខ្លាំងបែបនេះ…»

មាស សុផាណារ៉ុង October 15, 2019


 

ភ្នំពេញ៖ លោក Filex Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា ក្រោយពីបាននាំក្រុមប្រកួតចាញ់ជាមួយ ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ក្នុងលទ្ធផល ០ទល់៤ នៅវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) បានបញ្ជាក់ថា «…វាពិតជារឿងដ៏ល្អដែលយើងអាចវាស់ស្ទង់សមត្ថភាពជាមួយក្រុមខ្លាំងបែបនេះ…»។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Filex G.Dalmas បានលើកឡើងថា៖ «យើងបានរីកចម្រើនជាច្រើន យើងនៅមានរឿងជាច្រើនទៀតដើម្បីបន្តរីកចម្រើន យើងដឹងថាយើងត្រូវប្រឈមមុខជាមួយក្រុមមួយដែលមានការប្រជែងកាយសម្បទាខ្លាំង ហើយផែនការរបស់យើងពិតជាច្បាស់លាស់ ដូច្នេះយើងត្រូវតែលេងឲ្យល្អជាងនេះ ទាំងការចលនា ការប៉ះបាល់ ជាពិសេសការលេងជាមួយក្រុមខ្លាំងបែបនេះ។»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលរូបនេះបានបន្តទៀតថា៖ «វាពិតជារឿងដ៏ល្អដែលយើងអាចវាស់ស្ទង់សមត្ថភាពជាមួយក្រុមខ្លាំងបែបនេះ វាធ្វើឲ្យយើងមាននូវកម្លាំងចិត្តដើម្បីរីកចម្រើនទៅមុខ។ ពិតជាមានមោទកភាពចំពោះកូនក្រុម ព្រោះពួកគេពិតជាបានផ្ដល់ឲ្យ ១០០ភាគរយក្នុងការប្រកួត នូវអ្វីដែលគេមាន នេះគឺជាវិធីដើម្បីរីកចម្រើនទៅមុខ ដូច្នេះទៅមុខទៀត យើងនឹងវិភាគការប្រកួត នៅពេលដែលយើងប្រមូលអារម្មណ៍បានលឿនជាងនេះ ហើយយើងនឹងធ្វើឲ្យក្រុមនេះកាន់តែរីកចម្រើនជាងនេះ យើងរីកចម្រើនច្រើនសម្រាប់ការប្រកួតមុននិងការប្រកួតនេះ ហើយពិតជាអរគុណយ៉ាងខ្លាំងដល់អ្នកគាំទ្រ ការគាំទ្ររបស់អ្នកគាំទ្រពិតជាជួយយើងយ៉ាងខ្លាំង ហើយយើងពិតជារីករាយ។»

ចុងក្រោយលោកក៏បានសម្ដែងនូវការអបអរដល់គូប្រកួត ជម្រើសជាតិអ៊ីរ៉ាក់ ផងដែរ ដែលរកបាន ៣ពិន្ទុពីការប្រកួតដ៏មានសារសំខាន់នេះ។

សូមបញ្ជាក់ថា កម្ពុចា នឹងមានការប្រកួតបន្តទៀតនៅក្នុងពូល C នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយជម្រើសកោះហុងកុង ដែលជាការប្រកួតទី៥ ប្រចាំពូលនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់