U22 កម្ពុជា ស្ថិតនៅពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជួបម៉ាឡេស៊ី និងមីយ៉ាន់ម៉ា សារជាថ្មី

មាស សុផាណារ៉ុង October 15, 2019


 

ហ្វីលីពីន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ដែលចូលរួមក្នុងដំណើរនៃការចាប់ឆ្នោតបែងចែកក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( SEA Games 2019 ) នៅប្រទេសហ្វីលីពីន ដែលគ្រោងធ្វើឡើងសម្រាប់ប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសារបុរស បានសម្រេចលទ្ធផលជាផ្លូវការហើយ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោត ដែលធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះបានបង្ហាញថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នឹងស្ថិតនៅពូល A ជាមួយប្រទេសខ្លាំងៗចំនួន ៤ ដែលមានដូចជាម្ចាស់ផ្ទះហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ដោយឡែកពូល B វិញរួមមានថៃ, ឥណ្ឌូនេស៊ី, វៀតណាម, ឡាវ, សិង្ហបុរី និងព្រុយណេ។

និយាយដោយឡែក ការស្ថិតនៅក្នុងពូលជាមួយម៉ាឡេស៊ី និងមីយ៉ាន់ម៉ា គឺជាការជួបគ្នាសារជាថ្មីដ្បិតក្រុមទាំងពីរនេះធ្លាប់ស្ថិតនៅក្នុងពូលជាមួយកម្ពុជា កាលពីប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២២ឆ្នាំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយកម្ពុជា បានយកឈ្នះទាំងពីរប្រកួត ពោលគឺឈ្នះ ម៉ាឡេស៊ី ១ទល់០ និងឈ្នះមីយ៉ាន់ម៉ា ២ទល់០ ផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតលើកទី៣០ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹង៥២៣ វិញ្ញាសាប្រកួត លើប្រភេទកីឡាចំនួន ៥៦ ប៉ុន្តែសម្រាប់ប្រភេទកីឡាបាល់ទាត់ គឺចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។

ក្នុងព្រឹត្តិការណ៍ដដែលនេះ សម្រាប់ប្រភេទកីឡាបាល់ទាត់របស់បុរស នឹងធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុង Manila ខណៈកីឡដ្ឋាន Binan Football Stadium ក្នុងទីក្រុង Binan និង Laguna គឺសម្រាប់ប្រភេទកីឡាបាល់ទាត់ស្រ្តី ហើយកីឡដ្ឋានទាំងនេះ សុទ្ធតែមានទីលានជាស្មៅសិប្បនិមិត្ត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់