ប្រកួតរវាងកម្ពុជា ជាមួយ អ៊ីរ៉ាក់ ផ្លាស់ប្ដូរអាជ្ញាកណ្ដាលពីជប៉ុន មកហ្វីលីពីន វិញដោយសារនៅជប៉ុនជួបព្យុះ

មាស សុផាណារ៉ុង October 14, 2019


 

ភ្នំពេញ៖ ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ ក្នុងជំនួបទី៤ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) បានសម្រេចផ្លាស់ប្ដូរអាជ្ញាកណ្ដាល បន្ទាប់ពីមានបញ្ហាអាកាសធាតុ ព្យុះនៅជប៉ុន។

តាមការឲ្យដឹងពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា ដើមឡើយអាជ្ញាកណ្ដាលដែលត្រូវកាត់សេចក្ដីការប្រកួតរវាងកម្ពុជា ជាមួយ អ៊ីរ៉ាក់ គឺត្រូវដឹកនាំដោយអាជ្ញាកណ្ដាលជនជាតិជប៉ុនទាំង ៤រូប ប៉ុន្តែដោយសារប៉ុន្មានថ្ងៃមកនេះ ប្រទេសជប៉ុនបានទទួលរងគ្រោះធម្មជាតិជាមួយនឹងការរងឥទ្ធិពលព្យុះ ទើបតម្រូវអាកាសយានដ្ឋានត្រូវបានលុបចោលជើងហោះហើរជាច្រើន ហេតុនេះហើយទើបតម្រូវឲ្យមានការសម្រេចផ្លាស់ប្ដូរអាជ្ញាកណ្ដាលជាបន្ទាន់។

ប្រភពដដែលបានបង្ហើបថា ចំពោះអាជ្ញាកណ្ដាលដែលត្រូវបានផ្លាស់ប្ដូរជំនួសវិញនោះ គឺអាជ្ញាកណ្ដាលសញ្ជាតិហ្វីលីពីន ចំនួន ៣រូប និងអាជ្ញាកណ្ដាលសញ្ជាតិម៉ាឡេស៊ី ១រូប ផងដែរដែលជាមន្ត្រីទី៤។

សមាសភាពមានដូចតទៅ៖

  • លោក DAYPUYAT Cliffordជនជាតិហ្វីលីពីន ( អាជ្ញាកណ្ដាលកាត់សេចក្ដី )
  • លោក LACHICA Giovanni ជនជាតិហ្វីលីពីន ( ជំនួយការអាជ្ញាកណ្ដាលទី១ )
  • លោក NANOLA Krizmark ជនជាតិហ្វីលីពីន ( ជំនួយការអាជ្ញាកណ្ដាលទី២ )
  • លោក ALI Razlan Joffri ជនជាតិម៉ាឡេស៊ី ( មន្ត្រីអាជ្ញាកណ្ដាលទី៤ )

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប អ៊ីរ៉ាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ស្អែកនេះលើទឹកដីកម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់