«…បើយើងនៅតែអង្គុយលេងបែបការពារ យើងនឹងចាញ់ទ្វេដង…» លោក Felix G.Dalmas

មាស សុផាណារ៉ុង October 14, 2019


 

ភ្នំពេញ៖ «…បើយើងនៅតែអង្គុយលេងបែបការពារ យើងនឹងចាញ់ទ្វេដង…» នេះជាការលើកឡើងរបស់ លោក Felix G.Dalmas គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ អ៊ីរ៉ាក់ វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

លោកត្រូវបានចោទសួរដោយអ្នកសារព័ត៌មានជុំវិញ ការប្រកួតជាមួយអ៊ីរ៉ង់ ដែលលេងសម្រុកទៅមុខជានិច្ច និងមិនប្រើប្រាស់ប្រព័ន្ធការពារ ដូច្នេះការប្រកួតជាមួយអ៊ីរ៉ាក់ នឹងធ្វើបែបណា? លោក Felix G.Dalmas បានឆ្លើយតបថា៖ «របៀបដែលយើងលេង និងវិធីសាស្ត្រដែលយើងលេង យើងនៅតែបន្តធ្វើដដែល។ សម្រាប់អ៊ីរ៉ាក់គឺជាក្រុមមួយដែលខ្លាំង មានកាយសម្បទាល្អ និងជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងក្នុងតំបន់អាស៊ី នៅជម្រើស ១១នាក់ដំបូងរបស់អ៊ីរ៉ាក់ ភាគច្រើនគឺលេងនៅអ៊ឺរ៉ុប លីគដែលខ្លាំង ដែលនេះជារឿងដ៏សំខាន់សម្រាប់ក្រុមគេ។ ប្រហែលជានៅពេលដែលយើងលេងជាមួយ ប៉ាគីស្ថាន, ហុងកុង បារ៉ែន ធ្វើឲ្យយល់ច្រឡំ ប៉ុន្តែដូចដែល Honda និងខ្ញុំ បាននិយាយ មិនថាប្រកួតនេះ ឬក៏ប្រកួតនោះ គឺដូចគ្នា ហើយយើងបានពន្យល់ពីរបៀបដែលយើងលេង ហើយហេតុអ្វីបានជាយើងលេងបែបនោះ។»

លោកបានសង្កត់ធ្ងន់ថា៖ «យើងត្រូវការរីកចម្រើន ហើយដើម្បីឲ្យមានការរីកចម្រើន គឺត្រូវមានការប្រកួតប្រជែង ហើយយើងបានប្រកួតជាមួយក្រុយមួយក្នុងចំនោមក្រុមខ្លាំងនៅលើពិភពលោក ដែលពួកគេចាញ់អេស៉្បាញ ត្រឹម ១ទល់០ ហើយវាក៏មិនមែនជារឿងចៃដន្យដែរ ដែលអ៊ីរ៉ង់ បានលេងចាញ់អាហ្សង់ទីន ត្រឹម​១ទល់០ ដូចគ្នានៅនាទីចុងក្រោយ ដូច្នេះគឺជាក្រុមមួយដែលខ្លាំង ដែលមានបទពិសោធន៍ច្រើន វាពិតជាខុសប្លែកពីការប្រកួតមុនៗដែលយើងបានជួប…។ ដូច្នេះយើងនឹងបន្តដើរទៅមុខ ហើយនេះគឺជាឱកាសរបស់យើងដើម្បីបង្ហាញថា យើងនៅតែក្រោកឡើង ហើយនៅតែបន្តប្រយុទ្ធ បើយើងនៅតែអង្គុយលេងបែបការពារ យើងនឹងចាញ់ទ្វេដង ពីព្រោះនៅពេលអនាគតវាមិនមែនជារបៀបលេងដែលល្អឡើយសម្រាប់ជម្រើសជាតិកម្ពុជា កម្ពស់ ល្បឿន កម្លាំង មិនមែនជាចំនុចខ្លាំងរបស់យើងឡើយ តែយើងមានទេពកោសល្យផ្សេងពីគេ ដែលនេះគឺជាមូលហេតុដែលយើងចង់យកវាមកបង្ហាញ ហើយនេះហើយដែលអ្នកធ្លាប់បានឃើញពេលយើងប្រកួតជាមួយ ហុងកុង ប៉ាគីស្ថាន បារ៉ែន កន្លែងខ្លះយើងធ្វើបាន ហើយកន្លែងខ្លះយើងមិនអាចប្រកួតប្រជែងដល់នាទីចុងក្រោយ ប៉ុន្តែដែលអាចនាំឲ្យយើងចំណាយពេលបានដល់ ៩០នាទីនៅលើទីលាន គឺវិន័យនៅលើទីលាន។»

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប អ៊ីរ៉ាក់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ស្អែកនេះលើទឹកដីកម្ពុជា នាវេលាម៉ោង ៦:៣០ នាទីល្ងាច នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់