គ្រូអ៊ីរ៉ាក់ ចាត់ទុកលទ្ធផលកម្ពុជា ចាញ់អ៊ីរ៉ង់ គឺជាការផ្ដល់ដំបូន្មានសម្រាប់ក្រុមខ្លួន

មាស សុផាណារ៉ុង October 14, 2019


 

ភ្នំពេញ៖ លោក Srečko Katanec គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ បានចាត់ទុកលទ្ធផលកម្ពុជា ចាញ់អ៊ីរ៉ាង់ ១៤-០ កាលពីថ្មីៗ គឺជាការផ្ដល់ដំបូន្មានមួយដល់កូនក្រុមខ្លួន ត្រូវមានការខំប្រឹង និងយកចិត្តទុកដាក់គ្រប់ការប្រកួត រួមទាំងការត្រៀមជួបក្រុមគោព្រៃកម្ពុជាថ្ងៃស្អែកផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងសន្នីសិទសារព័ត៌មានមុនការប្រកួត កាលពីព្រឹកមិញ។

បុរសវ័យ ៥៦ឆ្នាំរូបនេះ និយាយថា «លទ្ធផលនេះ (កម្ពុជា ចាញ់អ៊ីរ៉ង់) បានផ្ដល់ដំបូន្មានដល់កីឡាករយើង ពេលខ្លះរឿងមួយហ្នឹង អាចកើតឡើងដល់ក្រុមយើងដូចគ្នា បើសិនយើងធ្វើមិនបានល្អ ឬជាថ្ងៃអាក្រក់របស់យើង ។ វាជារឿងលំបាកមួយ សម្រាប់ក្រុមកម្ពុជា ដែលលេងជាមួយក្រុមដែលខ្លាំងមួយនៅអាស៊ី ខ្ញុំយល់ វាអាចនឹងកើតឡើងលើក្រុមផ្សេងៗទៀតដូចគ្នា។»

បន្ថែមលើនេះ លោកបានក្រើនរំឭកកូនក្រុមខ្លួន ត្រូវត្រៀមកាន់តែខ្លាំង ដើម្បីជួបកម្ពុជាស្អែកនេះ។ លោកថា «សម្រាប់ការប្រកួតថ្ងៃស្អែក គឺជាថ្ងៃថ្មី ហើយខ្ញុំតែងតែរំលឹកដល់កីឡាកររបស់ខ្ញុំ ដែលមិនត្រឹមប្រមូលអារម្មណ៍ និងយកចិត្តទុកដាក់ត្រឹមតែ ១០០ % ទេ គួរតែត្រៀម ១២០% ពីព្រោះក្នុងបាល់ទាត់ រឿងអ្វីក៏អាចកើតឡើងបានដែរ ។ ខ្ញុំមិនមែនបំភ័យកីឡាករខ្ញុំទេ តែធ្វើឲ្យកីឡាករម្នាក់ៗ កាន់តែយកចិត្តទុកដាក់ និងពង្រឹងស្មារតីក្នុងការប្រកួតថែមទៀត។»

យ៉ាងណាមិញលោក Srečko Katanec បានបង្ហាញភាពជឿជាក់ថា កូនក្រុមរបស់ខ្លួន បានត្រៀមហើយជាស្រេច ដើម្បីប្រកួតជាមួយកម្ពុជា និងដណ្ដើមយក ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ ក៏ដូចជាសម្រេចគោលដៅឆ្លងឲ្យផុតវគ្គជម្រុះទី២ ខណៈជាបណ្ដោះអាសន្ន អ៊ីរ៉ាក់ កំពុងឈរលេខ ២ និងមាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតស្មើប៉ារែន ១-១ និងឈ្នះហុងកុង ២-០ កាលពីថ្មីៗ។

សូមបញ្ជាក់ជាថ្មីថា កម្ពុជា នឹងត្រូវប៉ះអ៊ីរ៉ាក់ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៥ ខែតុលាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕

 

អត្ថបទ៖ បុត្រា

មតិយោបល់