ជម្រើសជាតិ Futsal កម្ពុជា បោះជំរំហ្វឹកហាត់នៅថៃ ជាមួយការប្រកួតកម្ដៅសាច់ដុំ ត្រៀមប្រកួត AFF ចុងខែនេះ

មាស សុផាណារ៉ុង October 14, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញបញ្ជីឈ្មោះកីឡាករ ១៤នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិក្នុងសាល ( Futsal ) កម្ពុជាហើយ ដើម្បីត្រៀមចូលរួមប្រកួតបាល់ទាត់ហ្វូតសាលជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship )។

ខណៈនៅថ្ងៃទី១២ ខែតុលា ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាល ( Futsal ) កម្ពុជា បានចេញដំណើរទៅបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ដើម្បីជាការត្រៀមសម្រាប់ពានរង្វាន់ដដែលខាងលើនេះ​នៅប្រទេសវៀតណាម នាចុងខែតុលា។

យោងតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់ ក្នុងជំរំហ្វឹកហាត់នេះក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នឹងមានការប្រកួតកម្ដៅសាច់ដុមផងដែរ ជាមួយក្រុមនៅក្នុងប្រទេសថៃ ពោលគឺថ្ងៃទី១៦ ខែតុលា ប្រកួតជាមួយក្រុម Kasem Bundit Uni បន្ទាប់មកនៅថ្ងៃទី១៧ ខែដដែល ជួបជាមួយ Rajnavy FC និងចុងក្រោយនៅថ្ងៃទី១៨ ខែតុលា ប្រកួតជាមួយ Port FC ដែលជាក្រុមខ្លាំងជាងគេមួយផងដែរនៅប្រទេសថៃ។

សូមរំឮកថា ពានរង្វាន់ AFF Futsal Championship 2019 ដែលវៀតណាមទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលាខាងមុខ ដោយក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូល B មានក្រុមឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ដ្រាលី និងក្រុមម្ចាស់ផ្ទះវៀតណាម។

នេះជាឆ្នាំទី២ ហើយដែលកម្ពុជា ត្រលប់មកចូលរួមពានរង្វាន់នេះជាថ្មី ក្រោយខកខានអស់ជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មក។ រំលឹកទៅឆ្នាំកន្លងទៅ កម្ពុជា បានបញ្ចប់ទៅដោយស្ថិតនៅបាតតារាង ក្នុងពូល A ដែលមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងការប្រកួត ៣ដង ចាញ់ទាំង ៣ដង និងរបូតគ្រាប់បាល់ដល់ទៅ ៣៤គ្រាប់ ហើយទាត់បញ្ចូលទីគូប្រកួតបាន ២គ្រាប់ប៉ុណ្ណោះ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

 

មតិយោបល់