ធារី ចន្ថាប៊ីន ក្រោយបរាជ័យក្រោមថ្វីជើងអ៊ីរ៉ង់ ១៤-០៖ «ស្មារតីក្រុមរបស់យើង កាន់តែរឹងមាំ»

មាស សុផាណារ៉ុង October 13, 2019


 

ភ្នំពេញ៖ ទោះបីជាបានរងបរាជ័យដ៏ធ្ងន់ធ្ងរក្រោមថ្វីជើងអ៊ីរ៉ង់ ដោយលទ្ធផល ១៤ទល់០ ក្នុងជំនួបទី៣ ប្រចាំពូល C វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) យ៉ាងណាក៏ដោយ ក៏កីឡាករកូនកាត់ខ្មែរបារាំង ធារី ដន្ថាប៊ីន បានអះអាងថាស្មារតីក្រុមកាន់តែខ្លាំងជាងមុន មុនទទួលអ៊ីរ៉ាក់ នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ។

ជម្រើសជាតិកម្ពុជា នឹងត្រូវស្វាគមន៍ ជម្រើសជាតិអ៊ីរ៉ាក់ ក្នុងការប្រកួតទី៤ ប្រចាំពូល C របស់ពួកគេនៅពហុកីឡដ្ឋានជាតិ ហើយខ្សែបម្រើរបស់ក្លឹបនៃលីគកំពូលម៉ាឡេស៊ី ( Terengganu FC ) រូបនេះ មានគោលបំណងនាំមកនូវលទ្ធផលជាវិជ្ជមានសម្រាប់ក្រុម និងអ្នកគាំទ្រ។

ធារី ចន្ថាប៊ីន បានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងត្រូវរៀនសូត្រពីការប្រកួតរបស់យើងកាលពីប្រកួតជាមួយអ៊ីរ៉ង់ និងធ្វើឱ្យប្រសើរឡើងសម្រាប់ការប្រកួតបន្ទាប់ ព្រោះយើងគ្មានពេលសោកសៅទេ។ យើងលេងនៅក្នុងដីរបស់យើង ជាមួយកីឡដ្ឋានដែលពោរពេញទៅដោយទស្សនិកជន ដូច្នេះយើងត្រូវតែប្រយុទ្ធ និងងើបឡើងវិញទោះបីវាជាគូប្រកួតខ្លាំងក៏ដោយ។»

«និយាយ ដោយស្មោះត្រង់ទៅ បើយើងចាញ់ ៥គ្រាប់ ឬក៏ ១០គ្រាប់ វានឹងដូចគ្នា។ ខ្ញុំគិតថាអ្នកគាំទ្រ និងមនុស្សគ្រប់គ្នាគិតថាវាពិតជាឆ្កួត ប៉ុន្តែពួកគេត្រូវតែដឹងថា យើងបានព្យាយាមលេងហើយ មិនអង្គុយនៅពីមុខទីរបស់យើង ហើយគ្រាន់តែលេងបាល់វែងបំប្លោងឡើងទៅលើនោះទេ។ យើងព្យាយាមដាក់សម្ពាធ និងរក្សាបាល់ ដូច្នេះយើងបាត់បង់ថាមពល។ ដូចដែលគ្រូបង្វឹកបាននិយាយថាយើងបានឃើញចំនុចដែលយើងកំពុងស្ថិតនៅ ហើយយើងមានការកែលំអច្រើន ដូច្នេះខ្ញុំនឹងមិននិយាយថាវាពិបាកក្នុងការទទួលយកទេ​ ប៉ុន្តែភាពពិតដ៏គួរឲ្យស្តាយពីកម្រិតរបស់យើង និងកម្រិតពិភពលោក ដែលយើងត្រូវតែព្យាយាមឈោងចាប់ឲ្យដល់។ យើងដែលជាកីឡាករត្រូវខិតខំបន្ថែមទៀត និងត្រូវតែឲ្យកាន់តែមានភាពជាកីឡាករអាជីព។» ធារី បន្ថែមជុំវិញលទ្ធផល មិនល្អកាលពីពេលប៉ះ អ៊ីរ៉ង់។

និយាយអំពីស្មារតីក្រុមក្រោយបរាជ័យដ៏ធ្ងន់ធ្ងរវិញ ធារី ចន្ថាប៊ីន បានឆ្លើយតបថា៖ «ស្មារតីកាន់តែខ្លាំង ពីព្រោះយើងចង់ត្រឡប់មកវិញសម្រាប់អ្នកគាំទ្ររបស់យើង និងខ្លួនយើងក្នុងនាមជាកីឡាករអាជីព។ នេះគឺជាអ្វីដែលយើងត្រូវភ្ញាក់ដឹងខ្លួន និងដឹងពីកំហុសរបស់យើង ហើយព្យាយាមធ្វើឲ្យប្រសើរឡើងជាជំហានៗ ដូច្នេះយើងធ្វើការលើផ្នត់គំនិត និងចិត្តគំនិតរបស់យើង។ គ្មានជំរើសទេ យើងត្រូវតែត្រៀមខ្លួនសំរាប់យើងមិនអាចលាក់ ឬដោះសារបានឡើយ។ យើងតំណាងឲ្យកម្ពុជា ដូច្នេះយើងត្រូវតែត្រៀមខ្លួន និងប្រយុទ្ធដើម្បីជាតិរបស់យើង។ យើងត្រូវតែត្រៀមខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្ត និងមិនខ្លាចកាយសម្បទារបស់ពួកគេ និងរីករាយជាមួយបាល់ទាត់។»

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា និងអ៊ីរ៉ាក់វិញ នឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាច ត្រូវនឹងថ្ងៃអង្គារសប្ដាហ៍ក្រោយ នៅពហុកីឡដ្ឋានជាតិ។ នេះគឺជាការប្រកួតទី៤ របស់ក្រុមលោក Keisuke Honda ខណៈ ៣ប្រកួតកន្លងមក រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ជាមួយលទ្ធផលស្មើហុងកុង ១-១, ចាញ់បារ៉ែន ១-០ និងចាញ់អ៊ីរ៉ង់ ១៤-០៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់