អ៊ីរ៉ាក់ ជិះយន្ដហោះឯកជនមកកម្ពុជាដោយសម្ងាត់ មុនតតាំងគ្នា នៅថ្ងៃទី១៥-តុលា ខាងមុខ

មាស សុផាណារ៉ុង October 12, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១២ ខែតុលានេះ ដើម្បីត្រៀមប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup Qatar Qualification-AFC) នាថ្ងៃទី១៥ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ។

តាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការមកដល់របស់ក្រុមជម្រើសជាតិអ៊ីរ៉ាក់នេះ ពួកគេបានធ្វើដំណើរតាមយន្ដហោះឯកជនផ្ទាល់ខ្លួន ហើយមកដល់កម្ពុជាស្ងាត់ៗ មិនមានការផ្ដល់ព័ត៌មានច្បាស់លាស់នោះទេ។ តែតាមគម្រោងភ្នំពេញដោយសុវត្ថិភាព ពួកគេគ្រោងនឹងចាប់ផ្ដើមហ្វឹកហាត់ភ្លាមៗ នៅល្ងាចថ្ងៃសៅរ៍ដដែលនេះ តែមិនមានការបញ្ជាក់ពេលវេលសា និងទីតាំងហ្វឹកហាត់នោះទេ។

គួរដឹងថា មកហោះមកកម្ពុជា ក្រុមកំពុងឈរលេខ ៧៩ នៃតារាងចំណាត់ថ្នាក់ពិភពលោកនេះ បានយកឈ្នះក្រុមហុងកុង ដោយលទ្ធផល ២-០ ក្នុងដី សម្រាប់ប្រកួតទី២ របស់ខ្លួន ដែលធ្វើឲ្យពួកគេ រកបាន ៤ពិន្ទុឡើងឈរលេខ ២ បណ្ដោះអាសន្ន ផ្ទុយពីក្រុមគោព្រៃកម្ពុជា ដែលទើបរងបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមជម្រើសជាតិអ៊ីរ៉ង់ ដោយលទ្ធផល ១៤-០ កាលពីយប់ថ្ងៃទី១០ ខែតុលាថ្មីៗកន្លងទៅ។

ចំពោះការប្រកួតរវាងក្រុមគោព្រៃកម្ពុជា និងអ៊ីរ៉ាក់វិញ នឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាច ត្រូវនឹងថ្ងៃអង្គារសប្ដាហ៍ក្រោយ នៅពហុកីឡដ្ឋានជាតិ។ នេះគឺជាការប្រកួតទី៤ របស់ក្រុមលោក Keisuke Honda ខណៈ ៣ប្រកួតកន្លងមក រកបានត្រឹម ១ពិន្ទុប៉ុណ្ណោះ ជាមួយលទ្ធផលស្មើហុងកុង ១-១, ចាញ់បារ៉ែន ១-០ និងចាញ់អ៊ីរ៉ង់ ១៤-០។

រីឯសំបុត្រចូលទស្សនាវិញ មកទល់ពេលនេះសំបុត្រប្រភេទ១ នៅតំបន់មានដំបូល បានលក់អស់ហើយ នៅឡើយតែសំបុត្រប្រភេទ២ តំបន់គ្មានដំបូល តម្លៃ ៥,០០០រៀលប៉ុណ្ណោះ៕

 

រូបភាព៖ Irapi Football Association

អត្ថបទ៖ បុត្រា

មតិយោបល់