កម្មវិធីសប្បុរសធម៌របស់ភ្នំពេញក្រោន ពន្យាពេលទទួលជំនួយជួយកុមារនៅកំពង់ធំ ដល់ថ្ងៃទី១៩-តុលា

មាស សុផាណារ៉ុង October 12, 2019


 

ភ្នំពេញ៖ កម្មវិធីសប្បុរសធម៌ Play for the Kids ដែលរៀបចំឡើងដោយក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានពន្យាពេលទទួលជំនួយរបស់អ្នកគាំទ្រ និងសប្បុរសជន រហូតដល់ថ្ងៃទី១៩ ខែតុលាខាងមុខ ។ នេះបើតាមការជូនដំណឹងរបស់អតីតក្រុមជើងឯក ៦សម័យកាលម្សិលមិញ។

កម្មវិធីផ្ដួចផ្ដើមគំនិតរៀបចំដោយលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោននេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី០៤ ខែតុលាម្លេះ ក្នុងឱកាសភ្នំពេញក្រោន ប្រកួតមិត្តភាពជាមួយក្រុមក្រសួងការពារជាតិ នៅកីឡដ្ឋាន Smart RSN ដើម្បីស្វែងរកមូលនិធិជួយដល់កុមារក្រីក្រ រស់នៅតំបន់បឹងស្បូវ ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដំបូងឡើយកម្មវិធីនេះ បានប្រកាសទទួលការបរិច្ចាគរបស់អ្នកគាំទ្រ និងសប្បុរសជន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែតុលា ហើយក្លឹបបានទទួលការបរិច្ចាគថវិកាមួយចំនួន រួមទាំងសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិច និងកាតាបជាដើម។

ប៉ុន្ដែដើម្បីផ្ដល់ឱកាសឲ្យអ្នកគាំទ្រមានបំណងចូលរួមកម្មវិធីសប្បុរសធម៌នេះបន្ថែមទៀត ក្លឹបក៏សម្រេចពន្យាពេលទទួលការបរិច្ចាគ រហូតដល់ថ្ងៃទី១៩-តុលា ដែលត្រូវនឹងថ្ងៃភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្លឹបអគ្គិសនីកម្ពុជា នៅកីឡដ្ឋាន Smart RSN។

ទន្ទឹមជាមួយការពន្យាពេលទទួលជំនួយនេះដែរ ក្លឹបភ្នំពេញក្រោន បានអំពាវនាវដល់អ្នកគាំទ្រ និងសប្បុរសជន ចូលរួមបរិច្ចាគជាសម្ភារៈគ្រប់យ៉ាង ដូចជាថវិកា ខោអាវ សៀវភៅ កាបូប ប៊ិច ស្បែកជើង និងវត្ថុផ្សេងៗទៀត ដើម្បីរួមចំណែកជួយដល់កុមារ ដែលស្ថិតនៅតំបន់ស្រយាលរស់នៅលើផ្ទៃទឹក។ ចំពោះអ្នកមានបំណងចូលរួម អាចទាក់ទងទូរស័ព្ទលេខ៖ ០៨១ ៥១៤ ១៦៣ / ០៩៦ ៤២១ ៥៥៤៥៕

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់