ជម្រើសជាតិ Futsal កម្ពុជា ចេញបញ្ជីឈ្មោះ ១៤នាក់ចុងក្រោយត្រៀមប្រកួត AFF ចុងខែនេះ

មាស សុផាណារ៉ុង October 11, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ១៤នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិក្នុងសាល ( Futsal ) កម្ពុជាហើយ ដើម្បីត្រៀមចូលរួមប្រកួតបាល់ទាត់ហ្វូតសាលជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( 2019 AFF Futsal Championship ) នៅប្រទេសវៀតណាម នាចុងខែតុលានេះ។

ការប្រកាសបញ្ជីឈ្មោះកីឡាករចុងក្រោយនេះ បន្ទាប់ពីក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ កាលពីដើមខែតុលាកន្លងទៅ ដោយមានកីឡាករបឋមសរុប ២៥នាក់ចូលរួម ហើយពួកគេ សុទ្ធតែជាសមាជិកក្លឹបប្រកបអាជីពក្នុងពានលីគហ្វូតសាលថ្នាក់ជាតិ ដែលទើបបញ្ចប់ការប្រកួតកាលពីថ្មីៗ។

យ៉ាងណាមុនជម្រុះមកនៅសល់ត្រឹម ១៤នាក់នេះ ក្រុមទាំងមូបានធ្វើការហ្វឹកហាត់ និងមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំផងដែរ រួមមាន យកឈ្នះ ដា​នី​ញ៉ែ​ល អេ​ហ្វ​ស៊ី ដោយ​លទ្ធផល ៨ទល់១ ហើយ​បន្ត​យកឈ្នះ ក្រុម​ហូ​ម​ស្បត ដោយ​លទ្ធផល ៥ទល់១ ស្រប​ពេល​ដែល​ថ្ងៃ​ទី​១០ ខែតុលាម្សិលមិញ យកឈ្នះ ឌីច៨៨ អេហ្វស៊ី ៥ទល់២។

សូមរំឮកថា ពានរង្វាន់ AFF Futsal Championship 2019 ដែលវៀតណាមទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលាខាងមុខ ដោយក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត ខណៈពូល B មានក្រុមឥណ្ឌូនេស៊ី ម៉ាឡេស៊ី អូស្ដ្រាលី និងក្រុមម្ចាស់ផ្ទះវៀតណាម។

នេះជាឆ្នាំទី២ ហើយដែលកម្ពុជា ត្រលប់មកចូលរួមពានរង្វាន់នេះជាថ្មី ក្រោយខកខានអស់ជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មក។ រំលឹកទៅឆ្នាំកន្លងទៅ កម្ពុជា បានបញ្ចប់ទៅដោយស្ថិតនៅបាតតារាង ក្នុងពូល A ដែលមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងការប្រកួត ៣ដង ចាញ់ទាំង ៣ដង និងរបូតគ្រាប់បាល់ដល់ទៅ ៣៤គ្រាប់ ហើយទាត់បញ្ចូលទីគូប្រកួតបាន ២គ្រាប់ប៉ុណ្ណោះ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ បុត្រា

មតិយោបល់